ខ្ញុំមានចៅប្រុសម្នាក់ឈ្មោះចេយ(Jay)។ កាលគាត់នៅក្មេង ឪពុកម្តាយគាត់បានឲ្យអាវយឺតថ្មីមួយ ដល់គាត់ សម្រាប់ថ្ងៃខួបកំណើតរបស់គាត់។ គាត់ក៏បានពាក់អាវនោះភ្លាមៗតែម្តង ហើយក៏បានពាក់វាជារៀងរាល់ថ្ងៃ ដោយមោទនភាព។
ពេលស្អែកឡើង ប៉ារបស់គាត់ក៏បានឃើញគាត់ពាក់អាវនោះទៀត ប៉ាគាត់ក៏បានសួរគាត់ថា “ចេយ តើអាវនោះបានធ្វើឲ្យកូនសប្បាយចិត្តទេ?”
ចេយក៏បានឆ្លើយថា “មិនសប្បាយចិត្តដូចថ្ងៃម្សិលមិញទេ?”
នេះជាបញ្ហាដែលកើតឡើងជាធម្មតា ចំពោះរបស់ទ្រព្យដែលយើងមាន។ បានសេចក្តីថា សូម្បីតែរបស់ល្អក្នុងជីវិត ក៏មិនអាចផ្តល់ឲ្យយើងនូវសុភមង្គលដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរ ដែលយើងចង់បានយ៉ាងខ្លាំង។ ទោះយើងមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏យើងនៅតែមិនសប្បាយចិត្តដដែល។
លោកិយផ្តល់ឲ្យយើងនូវសុភមង្គល តាមរយៈការទទួលបាននូវរបស់ទ្រព្យបន្ថែម ដែលមានដូចជា ខោអាវថ្មីៗ យាន្តយន្តថ្មី ឬបានទូរស័ព្ទ ឬក៏នាឡិការថ្មីជាដើម។ ប៉ុន្តែ របស់ទ្រព្យដែលយើងទទួលបាន មិនអាចធ្វើឲ្យយើងសប្បាយចិត្ត នៅថ្ងៃនេះ ដូចកាលពីថ្ងៃម្សិលមិញឡើយ បានសេចក្តីថា ភាពសប្បាយរីករាយដែលយើងទទួលបានពីរបស់ទ្រព្យទាំងនោះ បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុ គឺដោយសារព្រះជាម្ចាស់បានបង្កើតយើងមក សម្រាប់ព្រះអង្គ គឺមិនសម្រាប់អ្វីផ្សេងទៀតឡើយ។
ថ្ងៃណាមួយ ពេលដែលព្រះយេស៊ូវបានអធិស្ឋានតម អស់ជាច្រើនថ្ងៃ ដែលធ្វើឲ្យទ្រង់មានការហត់ហេវខ្លាំង សាតាំងក៏បានចូលមកល្បួងទ្រង់ ឲ្យបំពេញការស្រេកឃ្លានរបស់ទ្រង់ ដោយធ្វើថ្មឲ្យក្លាយជានំប៉័ង។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយដកស្រង់បទគម្ពីរ ចោទិយកថា ៨:៣ ដែលបានចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះមកដែរ”(ម៉ាថាយ ៤:៤)។
ព្រះយេស៊ូវមិនបានមានបន្ទូលថា យើងគួរតែរស់នៅដោយនំប៉័ង ឬបាយតែម្យ៉ាងនេះទេ។ ផ្ទុយទៅវិញ ទ្រង់បានលើកឡើងនូវការពិតដែលថា យើងជាមនុស្សដែលមានវិញ្ញាណ ដូចនេះ យើងមិនអាចរស់នៅ ដោយពឹងអាងរបស់ទ្រព្យខាងរូបកាយតែម្យ៉ាងនោះឡើយ។
ការស្កប់ចិត្តដ៏ពិត គឺអាចរកបាន នៅក្នុងព្រះជាម្ចាស់ និងភាពបរិបូររបស់ទ្រង់។—DAVID H. ROPER