ថ្ងៃ​មួយ នៅ​ពេល​ព្រឹក​ព្រលឹម ខ្ញុំ​បាន​បើក​បង្អួច​ផ្ទះ មើល​ទៅ​ព្រៃ ដែល​នៅ​ក្រោយ​ផ្ទះ​ខ្ញុំ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​សត្វ​ស្ទាំង ឬ​សត្វ​ទីទុយ​មួយ​ក្បាល​ទំ​នៅ​លើ​ដើម​ឈើ​មួយ​ដើម កំពុង​រក​មើល​ចំណី ក្នុង​តំបន់​នោះ។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​សត្វ​ឥន្រ្ទី​ក្បាល​ត្រងោល​កំពុង​តែ​ទប់​ខ្លួន​នៅ​លើមែក​មួយ ដែល​នៅ​ខ្ពស់ ដើម្បី​ពិនិត្យ​មើល​ភូមិ​សាស្រ្ត​នៅ​ទីនោះ គឺ​ហាក់​ដូច​ជា​តំបន់​ទាំង​មូល​ជា​របស់​វា​អញ្ចឹង។ វា​ទំនង​ជា​កំពុង​តែ​ស្វែង​រក “អាហារ​ពេល​ព្រឹក”។ វា​មើល​មក​ក្រោម ដូច​ស្តេច​ដែល​ទត​មើល​ពី​កន្លែង​ខ្ពស់។

ក្នុង​បទ​គម្ពីរ​២របាក្សត្រ ១៦ លោក​ហាណានី ដែល​ជា​ហោរា​របស់​ព្រះ បាន​ទូល​ស្តេច​មួយ​អង្គ ឲ្យ​ជ្រាប​ថា សកម្មភាព​របស់​ទ្រង់ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​ទត​មើល​របស់​ព្រះ​ជា​ម្ចាស់។ គាត់​ទូល​ស្តេច​អេសា ដែល​ជា​ស្តេច​នៃនគរ​យូដា​ថា “​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់”(ខ.៧)។ បន្ទាប់​មក លោក​ហាណានី​ក៏​បាន​ពន្យល់​ថា “​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(ខ.៩)។ ដោយសារ​ស្តេច​អេសា​បាន​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​ខុស ទ្រង់​តែង​តែ​ជួប​សង្រ្គាម​ជា​និច្ច។

ពេល​យើង​អាន​បទ​គម្ពីរ​នេះ យើង​ប្រហែល​ជា​យល់​ច្រឡំ​ថា ព្រះ​ជា​ម្ចាស់​បាន​ទត​មើល​យើង​គ្រប់​ជំហាន ដើម្បី​ចាំ​វាយ​ផ្ចាល់​យើង ដូច​សត្វ​បក្សី​ដែល​ចាំ​ចាប់​ចំណី។ ប៉ុន្តែ ពាក្យ​ពេចន៍​ដែល​លោក​ហាណានី​បាន​ថ្លែង​ក្នុង​បទ​គម្ពីរ​នេះ ​គឺ​បាន​ផ្តោត​ទៅ​លើ​ភាព​វិជ្ជ​មាន​ទៅ​វិញ​ទេ។ គាត់​បាន​ចង្អុល​បង្ហាញ​ថា ព្រះ​នៃ​យើង​បាន​ទត​មើល​ជា​និច្ច ហើយ​រង់​ចាំយើង​ស្រែក​រក​ទ្រង់ ពេល​ដែល​យើង​ត្រូវ​ការ​ជំនួយ។

តើ​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់ បាន​ទត​មើល​មក​លោកិយ​នេះ ដើម្បី​ស្វែង​រក​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​យើង​រាល់​គ្នា ដោយ​របៀប​ណា​ខ្លះ? តើ​ទ្រង់​អាច​ប្រទាន​ក្តី​សង្ឃឹម និង​ជំនួយ​ដែល​យើង​ត្រូវ​ការ​យ៉ាង​ដូច​ម្តេច​ខ្លះ? —ELISA MORGAN