ថ្ងៃមួយ នៅពេលព្រឹកព្រលឹម ខ្ញុំបានបើកបង្អួចផ្ទះ មើលទៅព្រៃ ដែលនៅក្រោយផ្ទះខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានកត់សំគាល់ឃើញសត្វស្ទាំង ឬសត្វទីទុយមួយក្បាលទំនៅលើដើមឈើមួយដើម កំពុងរកមើលចំណី ក្នុងតំបន់នោះ។ នៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញសត្វឥន្រ្ទីក្បាលត្រងោលកំពុងតែទប់ខ្លួននៅលើមែកមួយ ដែលនៅខ្ពស់ ដើម្បីពិនិត្យមើលភូមិសាស្រ្តនៅទីនោះ គឺហាក់ដូចជាតំបន់ទាំងមូលជារបស់វាអញ្ចឹង។ វាទំនងជាកំពុងតែស្វែងរក “អាហារពេលព្រឹក”។ វាមើលមកក្រោម ដូចស្តេចដែលទតមើលពីកន្លែងខ្ពស់។
ក្នុងបទគម្ពីរ២របាក្សត្រ ១៦ លោកហាណានី ដែលជាហោរារបស់ព្រះ បានទូលស្តេចមួយអង្គ ឲ្យជ្រាបថា សកម្មភាពរបស់ទ្រង់ កំពុងតែស្ថិតនៅក្រោមការទតមើលរបស់ព្រះជាម្ចាស់។ គាត់ទូលស្តេចអេសា ដែលជាស្តេចនៃនគរយូដាថា “ទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់”(ខ.៧)។ បន្ទាប់មក លោកហាណានីក៏បានពន្យល់ថា “ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(ខ.៩)។ ដោយសារស្តេចអេសាបានពឹងផ្អែកទៅលើជំនួយខុស ទ្រង់តែងតែជួបសង្រ្គាមជានិច្ច។
ពេលយើងអានបទគម្ពីរនេះ យើងប្រហែលជាយល់ច្រឡំថា ព្រះជាម្ចាស់បានទតមើលយើងគ្រប់ជំហាន ដើម្បីចាំវាយផ្ចាល់យើង ដូចសត្វបក្សីដែលចាំចាប់ចំណី។ ប៉ុន្តែ ពាក្យពេចន៍ដែលលោកហាណានីបានថ្លែងក្នុងបទគម្ពីរនេះ គឺបានផ្តោតទៅលើភាពវិជ្ជមានទៅវិញទេ។ គាត់បានចង្អុលបង្ហាញថា ព្រះនៃយើងបានទតមើលជានិច្ច ហើយរង់ចាំយើងស្រែករកទ្រង់ ពេលដែលយើងត្រូវការជំនួយ។
តើព្រះនេត្ររបស់ព្រះជាម្ចាស់ បានទតមើលមកលោកិយនេះ ដើម្បីស្វែងរកភាពស្មោះត្រង់ នៅក្នុងយើងរាល់គ្នា ដោយរបៀបណាខ្លះ? តើទ្រង់អាចប្រទានក្តីសង្ឃឹម និងជំនួយដែលយើងត្រូវការយ៉ាងដូចម្តេចខ្លះ? —ELISA MORGAN