លោក​បណ្ឌិត វរវីគ រ៉តវែល(Warwick Rodwell) ដែល​ជា​បុរាណ​វត្ថុ​វិទូ បាន​ត្រៀម​ខ្លួន ដើម្បី​ចូល​និវត្តន៍។ ពេល​នោះ គាត់​ក៏​បាន​ធ្វើ​ការ​រក​ឃើញ​ខុស​ពី​ធម្មតា​មួយ នៅ​ព្រះ​វិហារ​ធំ​លីជហ្វៀល ក្នុង​ប្រទេស​អង់​គ្លេស។ ខណៈ​ពេល​ដែល​ជាង​សំណង់​ជីក​កាយ​កម្រាល​ឥដ្ឋ​របស់​ព្រះ​វិហារ​នោះ ដើម្បី​ស្វែង​រក​បន្ទប់​ក្រោម​ដី ពួក​គេ​ក៏​បាន​រក​ឃើញ​រូប​ចម្លាក់​ទេវតា​កាព្រីយ៉ែល ដែល​គេ​គិត​ថា វា​មាន​ចំណាស់​ប្រហែល ១២០០​ឆ្នាំ។ បណ្ឌិត​រ៉តវែល​ក៏​បាន​ពន្យា​ពេលចូល​និវត្តន៍ ខណៈ​ពេល​ដែល​ការ​រក​ឃើញ​របស់​គាត់​នេះ បាន​នាំ​គាត់ ចូល​ទៅ​ក្នុង​រដូវ​កាល​ថ្មី​មួយ ដ៏​រំភើប​រីក​រាយ និង​មមាញឹក។

លោក​ម៉ូសេ​មាន​អាយុ​៨០​ឆ្នាំ ពេល​ដែល​គាត់​បាន​ធ្វើ​ការ​រក​ឃើញ​ដ៏​ឆេះ​ឆួល​មួយ ដែល​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្តូរ​ជា​រៀង​រហូត។ គាត់​ជា​កូន ដែល​ព្រះ​នាង​នៃ​នគរ​អេស៊ីព្ទ​បាន​យក​មក​ចិញ្ចឹម តែ​គាត់​មិន​ដែល​ភ្លេច​ថា គាត់​មាន​ដើម​កំណើតជា​ជន​ជាតិ​យូដា​នោះ​ឡើយ ហើយ​គាត់​ក៏​បាន​ខឹង​សម្បា​នឹង​អំពើ​អយុត្តិធម៌ ដែល​គាត់​បាន​ឃើញ​ជន​ជាតិ​គាត់ទទួល​រង(និក្ខមនំ ២:១១-១២)។ ពេល​ដែល​ស្តេច​ផារ៉ោន​ដឹង​ថា លោក​ម៉ូសេ​បាន​សម្លាប់​ជន​ជាតិ​អេស៊ីព្ទ ដែល​បាន​វាយ​ដំជន​ជាតិ​ហេព្រើរ ទ្រង់​ក៏​បាន​រៀប​គម្រោង​សម្លាប់​គាត់ បាន​ជា​លោក​ម៉ូសេ​បង្ខំ​ចិត្ត​រត់​គេច ទៅ​ស្រុក​ម៉ាឌៀន ហើយ​ក៏​បាន​រស់​នៅ​ទីនោះ​(និក្ខមនំ ១៣-១៥)។

៤០ឆ្នាំ​ក្រោយ​មក ​គាត់​មាន​អាយុ​៨០​ឆ្នាំ​ហើយ។ ពេល​ដែល​គាត់​កំពុង​ឃ្វាល​ចៀម​របស់​ឪពុក​ក្មេក​គាត់ ទេវតា​នៃ​ព្រះអម្ចាស់​ក៏​បាន​បង្ហាញ​ខ្លួន ឲ្យ​គាត់​ឃើញ នៅ​ក្នុង​ភ្លើង ដែល​កំពុង​តែ​ឆេះ​ចេញ​ពី​គុម្ព​បន្លា។ លោក​ម៉ូសេ​ឃើញ​ថា គុម្ពបន្លា​នោះ​ត្រូវ​ភ្លើង​ឆាប​ឆេះ​មិន​ចេះ​សុះ​សោះ(៣:២)។ នៅ​ពេល​នោះ​ ព្រះ​ជា​ម្ចាស់​ក៏​បាន​ត្រាស​ហៅ​លោក​ម៉ូសេ​ឲ្យដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល ចេញ​ពី​ភាព​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ(ខ.៣-២៥)។​ ដូច​នេះ ទោះ​គាត់​ដល់​វ័យ​ចូលនិវត្ត​ហើយ​ក្តី ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​គាត់​ឲ្យ​ដឹក​នាំ​រាស្រ្ត​ទ្រង់។

បើ​សិន​ជា​អ្នក​ដល់​ពេល​ដែល​ចូល​និវត្ត តើ​ព្រះ​ជា​ម្ចាស់​អាច​ត្រាស​ហៅ​អ្នក​ឲ្យ​ធ្វើ​អ្វី ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​របស់ទ្រង់ ដែល​ធំ​ជាង​បំណង​ចិត្ត​របស់​អ្នក?​ តើ​ទ្រង់​មាន​ផែន​ការ​អ្វី សម្រាប់​ជីវិត​របស់​អ្នក នៅ​ពេល​អ្នក​ចូល​និវត្ត? —RUTH O’REILLY-SMITH