លោកបណ្ឌិត វរវីគ រ៉តវែល(Warwick Rodwell) ដែលជាបុរាណវត្ថុវិទូ បានត្រៀមខ្លួន ដើម្បីចូលនិវត្តន៍។ ពេលនោះ គាត់ក៏បានធ្វើការរកឃើញខុសពីធម្មតាមួយ នៅព្រះវិហារធំលីជហ្វៀល ក្នុងប្រទេសអង់គ្លេស។ ខណៈពេលដែលជាងសំណង់ជីកកាយកម្រាលឥដ្ឋរបស់ព្រះវិហារនោះ ដើម្បីស្វែងរកបន្ទប់ក្រោមដី ពួកគេក៏បានរកឃើញរូបចម្លាក់ទេវតាកាព្រីយ៉ែល ដែលគេគិតថា វាមានចំណាស់ប្រហែល ១២០០ឆ្នាំ។ បណ្ឌិតរ៉តវែលក៏បានពន្យាពេលចូលនិវត្តន៍ ខណៈពេលដែលការរកឃើញរបស់គាត់នេះ បាននាំគាត់ ចូលទៅក្នុងរដូវកាលថ្មីមួយ ដ៏រំភើបរីករាយ និងមមាញឹក។
លោកម៉ូសេមានអាយុ៨០ឆ្នាំ ពេលដែលគាត់បានធ្វើការរកឃើញដ៏ឆេះឆួលមួយ ដែលធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរជារៀងរហូត។ គាត់ជាកូន ដែលព្រះនាងនៃនគរអេស៊ីព្ទបានយកមកចិញ្ចឹម តែគាត់មិនដែលភ្លេចថា គាត់មានដើមកំណើតជាជនជាតិយូដានោះឡើយ ហើយគាត់ក៏បានខឹងសម្បានឹងអំពើអយុត្តិធម៌ ដែលគាត់បានឃើញជនជាតិគាត់ទទួលរង(និក្ខមនំ ២:១១-១២)។ ពេលដែលស្តេចផារ៉ោនដឹងថា លោកម៉ូសេបានសម្លាប់ជនជាតិអេស៊ីព្ទ ដែលបានវាយដំជនជាតិហេព្រើរ ទ្រង់ក៏បានរៀបគម្រោងសម្លាប់គាត់ បានជាលោកម៉ូសេបង្ខំចិត្តរត់គេច ទៅស្រុកម៉ាឌៀន ហើយក៏បានរស់នៅទីនោះ(និក្ខមនំ ១៣-១៥)។
៤០ឆ្នាំក្រោយមក គាត់មានអាយុ៨០ឆ្នាំហើយ។ ពេលដែលគាត់កំពុងឃ្វាលចៀមរបស់ឪពុកក្មេកគាត់ ទេវតានៃព្រះអម្ចាស់ក៏បានបង្ហាញខ្លួន ឲ្យគាត់ឃើញ នៅក្នុងភ្លើង ដែលកំពុងតែឆេះចេញពីគុម្ពបន្លា។ លោកម៉ូសេឃើញថា គុម្ពបន្លានោះត្រូវភ្លើងឆាបឆេះមិនចេះសុះសោះ(៣:២)។ នៅពេលនោះ ព្រះជាម្ចាស់ក៏បានត្រាសហៅលោកម៉ូសេឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ចេញពីភាពជាទាសករនៅនគរអេស៊ីព្ទ(ខ.៣-២៥)។ ដូចនេះ ទោះគាត់ដល់វ័យចូលនិវត្តហើយក្តី ព្រះអម្ចាស់បានត្រាសហៅគាត់ឲ្យដឹកនាំរាស្រ្តទ្រង់។
បើសិនជាអ្នកដល់ពេលដែលចូលនិវត្ត តើព្រះជាម្ចាស់អាចត្រាសហៅអ្នកឲ្យធ្វើអ្វី ដើម្បីសម្រេចបំណងព្រះទ័យរបស់ទ្រង់ ដែលធំជាងបំណងចិត្តរបស់អ្នក? តើទ្រង់មានផែនការអ្វី សម្រាប់ជីវិតរបស់អ្នក នៅពេលអ្នកចូលនិវត្ត? —RUTH O’REILLY-SMITH