មាន​ពេល​មួយ ឪពុក​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​ទទួល​លទ្ធ​ផល​ពិនិត្យ​សុខ​ភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ដែល​រក​ឃើញ​ថា គាត់​បាន​កើត​ជម្ងឺ​មហា​រីក។ តែ​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល​ដោយ​ចាក់​គីមី គាត់​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​ទី​បំផុត ជម្ងឺ​របស់​គាត់​មាន​ការ​ប្រែ​ប្រួល ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់​គ្រង​បាន។ គាត់​ក៏​បាន​រស់​នៅ ដោយ​គ្មាន​ជម្ងឺ​មហា​រីក​អស់​រយៈ​ពេល​៨​ខែ ប៉ុន្តែ ជម្ងី​មហារីក​ក៏​បាន​វិល​ត្រឡប់​មក​វិញ ហើយ​ធ្ងន់​លើស​ដើម។ គាត់ និង​ភរិយា​របស់​គាត់ ក៏​បាន​ប្រឈម​នឹង​ការ​ពិត​នៃ​ការ​វិល​ត្រឡប់​របស់​ជម្ងឺ​មហារីក​ ដោយ​ការ​ព្រួយ​បារម្ភ និង​សំណួរជា​ច្រើន ប៉ុន្តែ ក៏បាន​ទុក​ចិត្ត ចំពោះ​ព្រះ​ជា​ម្ចាស់ ដោយ​ភាព​ស្មោះ​ត្រង់​ ដោយសារ​ការ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​កាល​ពី​ដំបូង​។

យើង​មិន​តែង​តែ​យល់​ថា ហេតុ​អ្វី​យើង​ត្រូវ​ជួប​ទុក្ខ​លំបាក​ឡើយ។ លោក​យ៉ូប​បាន​ជួប​រឿង​នេះ​ផង​ដែរ នៅ​ពេល​ដែល​ទុក្ខ​វេទនា និង​ការ​បាត់​បង់​ដ៏​សោក​សៅ​បំផុត បាន​កើត​មាន​ចំពោះ​គាត់។ តែ​ទោះ​គាត់​មាន​សំណួរ​ជា​ច្រើន​ក៏​ដោយ ក្នុង​បទ​គម្ពីរ​យ៉ូប ជំពូក​១២ គាត់​បាន​ប្រកាស់​ថា ព្រះ​ជា​ម្ចាស់​ជា​ព្រះ​ដ៏​មាន​ចេស្តា ព្រោះ “អ្វី​ដែល​ទ្រង់​បាន​រំលំហើយ ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន”(ខ.១៤) ហើយ “ទ្រង់​មាន​កំឡាំង​ឫទ្ធិ ហើយ​នឹង​ប្រាជ្ញា”(ខ.១៦)។​ “ទ្រង់​ចំរើន​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​បំផ្លាញ​គេ​វិញ”(ខ.២៣)។ ក្នុង​ការ​រៀប​រាប់​នេះ លោក​យ៉ូប​មិន​បាន​លើក​ឡើង អំពី​មូល​ហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​កើត​ឡើង​ចំពោះ​គាត់​ឡើយ។ គាត់​មិន​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​ក៏​បាន​និយាយ​ដោយ​ទំនុក​ចិត្ត​ថា “ព្រះ​ទ្រង់​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិឫទ្ធិ​ផង ទ្រង់​ក៏​មាន​ព្រះដំរិះ និង​យោបល់​ដែរ”(ខ.១៣)។

យើង​ប្រហែល​ជា​មិន​យល់​ពី​មូល​ហេតុ ដែល​ព្រះ​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​ទុក្ខ​លំបាក កើត​ឡើង​ក្នុង​ជីវិត​យើង​ទេ តែ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ទ្រង់ ដូច​ឪពុក​ម្តាយ​របស់​មិត្ត​ភក្តិ​ខ្ញុំ។ ព្រះ​អម្ចាស់​ស្រឡាញ់​យើង ហើយ​ទ្រង់​ថែរក្សា​យើង ក្នុង​ព្រះ​ហស្ត​ទ្រង់​(ខ.១០ ១ពេត្រុស ៥:៧)។ ព្រះ​ជា​ម្ចាស់​មាន​គ្រប់​ទាំង​ប្រាជ្ញា អំណាច​ចេស្តា និង​ព្រះ​តម្រិះ។ —JULIE SCHWAB