មានពេលមួយ ឪពុករបស់មិត្តភក្តិខ្ញុំបានទទួលលទ្ធផលពិនិត្យសុខភាពដ៏គួរឲ្យភ័យខ្លាច ដែលរកឃើញថា គាត់បានកើតជម្ងឺមហារីក។ តែក្នុងអំឡុងពេលនៃការព្យាបាលដោយចាក់គីមី គាត់បានទទួលជឿព្រះយេស៊ូវ ហើយទីបំផុត ជម្ងឺរបស់គាត់មានការប្រែប្រួល ហើយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ គាត់ក៏បានរស់នៅ ដោយគ្មានជម្ងឺមហារីកអស់រយៈពេល៨ខែ ប៉ុន្តែ ជម្ងីមហារីកក៏បានវិលត្រឡប់មកវិញ ហើយធ្ងន់លើសដើម។ គាត់ និងភរិយារបស់គាត់ ក៏បានប្រឈមនឹងការពិតនៃការវិលត្រឡប់របស់ជម្ងឺមហារីក ដោយការព្រួយបារម្ភ និងសំណួរជាច្រើន ប៉ុន្តែ ក៏បានទុកចិត្ត ចំពោះព្រះជាម្ចាស់ ដោយភាពស្មោះត្រង់ ដោយសារការអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេកាលពីដំបូង។
យើងមិនតែងតែយល់ថា ហេតុអ្វីយើងត្រូវជួបទុក្ខលំបាកឡើយ។ លោកយ៉ូបបានជួបរឿងនេះផងដែរ នៅពេលដែលទុក្ខវេទនា និងការបាត់បង់ដ៏សោកសៅបំផុត បានកើតមានចំពោះគាត់។ តែទោះគាត់មានសំណួរជាច្រើនក៏ដោយ ក្នុងបទគម្ពីរយ៉ូប ជំពូក១២ គាត់បានប្រកាស់ថា ព្រះជាម្ចាស់ជាព្រះដ៏មានចេស្តា ព្រោះ “អ្វីដែលទ្រង់បានរំលំហើយ គេនឹងសង់ឡើងវិញមិនបាន”(ខ.១៤) ហើយ “ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា”(ខ.១៦)។ “ទ្រង់ចំរើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ”(ខ.២៣)។ ក្នុងការរៀបរាប់នេះ លោកយ៉ូបមិនបានលើកឡើង អំពីមូលហេតុដែលទ្រង់អនុញ្ញាតឲ្យការឈឺចាប់ និងទុក្ខវេទនាកើតឡើងចំពោះគាត់ឡើយ។ គាត់មិនមានចម្លើយ សម្រាប់សំណួរនេះ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏បាននិយាយដោយទំនុកចិត្តថា “ព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ”(ខ.១៣)។
យើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យទុក្ខលំបាក កើតឡើងក្នុងជីវិតយើងទេ តែ យើងនៅតែអាចទុកចិត្តទ្រង់ ដូចឪពុកម្តាយរបស់មិត្តភក្តិខ្ញុំ។ ព្រះអម្ចាស់ស្រឡាញ់យើង ហើយទ្រង់ថែរក្សាយើង ក្នុងព្រះហស្តទ្រង់(ខ.១០ ១ពេត្រុស ៥:៧)។ ព្រះជាម្ចាស់មានគ្រប់ទាំងប្រាជ្ញា អំណាចចេស្តា និងព្រះតម្រិះ។ —JULIE SCHWAB