កាលពីរដូវក្តៅ នៅឆ្នាំ២០១៧ ខ្យល់ព្យុះហាវេយ បាននាំមកនូវវិនាសកម្ម ដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិជាច្រើនសន្ធឹក នៅតំបន់ឆ្នេរឈូងសមុទ្រនៃសហរដ្ឋអាមេរិក។ មានមនុស្សជាច្រើនបានជួយផ្គត់ផ្គង់អាហារ ទឹក សំលៀកបំពាក់ និងជំរក ដល់ជនរងគ្រោះ ដែលកំពុងតែមានតម្រូវការជាបន្ទាន់។
ម្ចាស់ហាងព្យាណូ នៅរដ្ឋម៉ារីលែនបានទទួលការប៉ះពាល់ចិត្ត ឲ្យធ្វើអ្វីម្យ៉ាង បន្ថែមពីលើនេះទៀត។ គាត់បានគិត អំពីលទ្ធភាពដែលតន្រ្តីអាចនាំមកនូវការប្រោសឲ្យជាដ៏ពិសេស និងភាពប្រក្រតីឡើងវិញ ដល់អ្នកដែលបានបាត់បង់អ្វីៗទាំងអស់។ ដូចនេះ គាត់និងបុគ្គលិករបស់គាត់ ក៏បានចាប់ផ្តើមជួសជុលព្យាណូដែលគេបានប្រើហើយ ហើយក៏បានរកមើល កន្លែងណាដែលមានត្រូវការខ្លាំងជាងគេ។ នៅរដូវផ្ការីកឆ្នាំនោះ លោកឌីន ក្រាមើ(Dean Kramer) និងអ្នកស្រីឡូស(Lois) ក៏បានចាប់ផ្តើមការធ្វើដំណើរដ៏វែងឆ្ងាយ តាមផ្លូវគោក ទៅក្រុងយូស្តុន រដ្ឋតិចសាស់ ដោយបើកបរឡានដឹកព្យាណូបីគ្រឿង យកទៅឲ្យក្រុមគ្រួសារ ព្រះវិហារ និងសាលារៀន នៅក្នុងតំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញនោះ។
ជួនកាល យើងសន្និដ្ឋានថា អ្នកជិតខាង គឺជាអ្នកដែលរស់នៅក្បែរផ្ទះយើង ឬុយ៉ាងហោចណាស់ គឺជានរណាម្នាក់ដែលយើងស្គាល់។ ប៉ុន្តែ ក្នុងបទគម្ពីរលូកា ជំពូក១០ ព្រះយេស៊ូវមានបន្ទូលអំពីរឿងប្រៀបប្រដូច អំពីសាសន៍សាំម៉ារីចិត្តល្អ ដើម្បីបង្រៀនថា សេចក្តីស្រឡាញ់ដែលយើងមានសម្រាប់អ្នកជិតខាងយើង មិនគួរមានរនាំងអ្វីមករារាំងឡើយ។ បុរសសាសន៍សាំម៉ារីនោះ បានយកអសាជនរងគ្រោះដែលគាត់មិនដែលស្គាល់ ទោះអ្នកនោះជាជនជាតិយូដា ដែលតាមធម្មតា ជនជាតិយូដាមិនរាប់រកសាសន៍សាំម៉ារីឡើយ(ខ.២៥-៣៧)។
ពេលដែលគេសួរលោកឌីន ក្រាមើ អំពីមូលហេតុដែលគាត់បរិច្ចាកព្យាណូទាំងនោះ គាត់គ្រាន់តែពន្យល់គេថា “ព្រះយេស៊ូវបានបង្រៀនយើង ឲ្យស្រឡាញ់អ្នកជិតខាងរបស់យើង”។ ព្រះយេស៊ូវបានមានបន្ទូលថា “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១។ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ”(ម៉ាកុស ១២:៣១)។—CINDY HESS KASPER