កាល​ពី​រដូវ​ក្តៅ នៅ​ឆ្នាំ​២០១៧ ខ្យល់​ព្យុះ​ហាវេយ បាន​នាំ​មក​នូវ​វិនាស​កម្ម ដល់​ជីវិត​មនុស្ស និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើនសន្ធឹក នៅ​តំបន់​ឆ្នេរ​ឈូង​សមុទ្រ​នៃ​សហ​រដ្ឋ​អាមេរិក។ មាន​មនុស្ស​ជា​ច្រើន​បាន​ជួយ​ផ្គត់​ផ្គង់​អាហារ ទឹក សំលៀក​បំពាក់ និង​ជំរក ដល់​ជន​រង​គ្រោះ ដែល​កំពុង​តែ​មាន​តម្រូវ​ការ​ជា​បន្ទាន់។​

ម្ចាស់​ហាង​ព្យាណូ នៅ​រដ្ឋ​ម៉ារីលែន​បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ឲ្យ​ធ្វើ​អ្វី​ម្យ៉ាង បន្ថែម​ពី​លើ​នេះ​ទៀត។​ គាត់​បាន​គិត ​អំពី​លទ្ធ​ភាព​ដែល​តន្រ្តី​អាច​នាំ​មក​នូវ​ការ​ប្រោស​ឲ្យ​ជា​ដ៏​ពិសេស និង​ភាព​ប្រក្រតី​ឡើង​វិញ ដល់​អ្នក​ដែល​បាន​បាត់​បង់​អ្វី​ៗ​ទាំង​អស់។​ ដូច​នេះ គាត់​និង​បុគ្គលិក​របស់​គាត់ ក៏​បាន​ចាប់​ផ្តើម​ជួស​ជុល​ព្យាណូ​ដែល​គេ​បាន​ប្រើ​ហើយ ហើយ​ក៏បាន​រក​មើល កន្លែង​ណា​ដែល​មាន​ត្រូវ​ការ​ខ្លាំង​ជាង​គេ។ នៅ​រដូវ​ផ្កា​រីក​ឆ្នាំ​នោះ លោក​ឌីន ក្រាមើ(Dean Kramer) និង​អ្នក​ស្រី​ឡូស(Lois) ក៏​បាន​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ តាម​ផ្លូវ​គោក ទៅ​ក្រុង​យូស្តុន រដ្ឋ​តិច​សាស់ ដោយបើក​បរ​ឡាន​ដឹក​ព្យាណូ​បី​គ្រឿង យក​ទៅ​ឲ្យ​ក្រុម​គ្រួសារ ព្រះ​វិហារ និង​សាលា​រៀន នៅ​ក្នុង​តំបន់​ដែល​បាន​ទទួល​រងការ​បំផ្លិច​បំផ្លាញ​នោះ។

ជួន​កាល យើង​សន្និ​ដ្ឋាន​ថា អ្នក​ជិត​ខាង គឺ​ជា​អ្នក​ដែល​រស់​នៅ​ក្បែរ​ផ្ទះ​យើង ឬុ​យ៉ាង​ហោច​ណាស់ គឺ​ជា​នរណា​ម្នាក់ដែល​យើង​ស្គាល់។ ប៉ុន្តែ ក្នុង​បទ​គម្ពីរ​លូកា ជំពូក​១០ ព្រះយេស៊ូវ​មាន​បន្ទូល​អំពី​រឿង​ប្រៀប​ប្រដូច អំពី​សាសន៍​សាំម៉ារី​ចិត្ត​ល្អ ដើម្បី​បង្រៀន​ថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​សម្រាប់​អ្នក​ជិត​ខាង​យើង មិន​គួរ​មាន​រនាំង​អ្វី​មក​រារាំង​ឡើយ។​ បុរស​សាសន៍​សាំម៉ារី​នោះ បាន​យក​អសា​ជន​រង​គ្រោះ​ដែល​គាត់​មិន​ដែល​ស្គាល់ ទោះ​អ្នក​នោះ​ជា​ជន​ជាតិ​យូដា ដែល​តាម​ធម្មតា ជន​ជាតិ​យូដា​មិន​រាប់​រក​សាសន៍​សាំម៉ារី​ឡើយ​(ខ.២៥-៣៧)។

ពេល​ដែល​គេ​សួរ​លោក​ឌីន ក្រាមើ អំពី​មូល​ហេតុ​ដែល​គាត់​បរិច្ចាក​ព្យាណូ​ទាំង​នោះ គាត់​គ្រាន់​តែ​ពន្យល់​គេ​ថា “ព្រះយេស៊ូវ​បាន​បង្រៀន​យើង ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង”។ ព្រះ​យេស៊ូវ​បាន​មានប​ន្ទូល​ថា “ឯង​ត្រូវ​ស្រឡាញ់ ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង អស់​អំពី​គំនិត ហើយ​អស់​អំពី​កំឡាំង​នៃ​ឯង» នោះ​ហើយ​ជា​បញ្ញត្ត​ទី​១។ ឯ​បញ្ញត្ត​ទី​២ ក៏​បែប​ដូច​គ្នា គឺ​ថា «ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» គ្មាន​បញ្ញត្ត​ណា​ទៀត​ធំ​ជាង​បទ​ទាំង​២​នេះ​ទេ”(ម៉ាកុស ១២:៣១)។—CINDY HESS KASPER