មានពេលមួយប៉ូលីសបានចោទប្រកាន់ស្រ្តីម្នាក់ ពីបទបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ដោយបើកចេញពីផ្លូវថ្នល់ ចូលផ្លូវសម្រាប់អ្នកថ្មើរជើង ហើយបើកចូលថ្នល់វិញ។ គាត់ធ្វើដូចនេះ គឺដោយសារគាត់មិនចង់រង់ចាំ ពីក្រោយឡានក្រុងរបស់សាលារៀនមួយគ្រឿង ដែលកំពុងឈប់ពីមុខគាត់ ដើម្បីឲ្យសិស្សចុះ។
ជាការពិតណាស់ ការរង់ចាំ អាចធ្វើឲ្យយើងខ្វះភាពអត់ធ្មត់ តែមានការល្អៗជាច្រើន ដែលយើងត្រូវធ្វើ និងរៀនសូត្រ នៅក្នុងការរង់ចាំ។ ព្រះយេស៊ូវជ្រាបអំពីបញ្ហានេះ ពេលដែលទ្រង់ប្រាប់ពួកសាវ័ករបស់ទ្រង់ “មិនឲ្យទៅទីក្រុងយេរូសាឡិម” មុនពេលកំណត់(កិច្ចការ ១:៤) ព្រោះពួកគេត្រូវរង់ចាំ “ទទួលបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ”(ខ.៥)។
ខណៈពេលដែលពួកគេកំពុងតែជួបជុំគ្នា នៅបន្ទប់ខាងលើ ពួកគេបានរង់ចាំ ដោយចិត្តរំភើបរីករាយ ដោយពួកគេហាក់ដូចជាដឹងថា ពេលដែលទ្រង់ប្រាប់ពួកគេឲ្យរង់ចាំ ទ្រង់មិនបានប្រាប់ពួកគេឲ្យរង់ចាំ ដោយមិនធ្វើអ្វីសោះនោះឡើយ។ ហេតុនេះហើយ ពួកគេក៏បានចំណាយពេលអធិស្ឋាន(ខ.១៤) ហើយព្រះគម្ពីរក៏បានចែងផងដែរថា នៅពេលនោះ ពួកគេបានជ្រើសរើសសាវ័កថ្មីម្នាក់ ដើម្បីជំនួសយូដាស(ខ.២៦)។ ពេលដែលពួកគេកំពុងតែរួបរួមគ្នាថ្វាយបង្គំ និងអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធក៏បានយាងចុះមកសណ្ឋិតលើពួកគេ(២:១-៤)។
ពួកសាវ័កមិនត្រឹមតែរង់ចាំប៉ុណ្ណោះឡើយ តែពួកគេក៏បានរៀបចំខ្លួនផងដែរ។ ខណៈពេលដែលយើងកំពុងរង់ចាំព្រះជាម្ចាស់ គឺមិនមានន័យថា យើងត្រូវរង់ចាំ ដោយមិនធ្វើអ្វីសោះ ឬមានការប្រញាប់ប្រញាល់ដោយខ្វះការអត់ធ្មត់នោះឡើយ។ ផ្ទុយទៅវិញ យើងអាចអធិស្ឋាន ថ្វាយបង្គំ និងអរសប្បាយនឹងការប្រកបគ្នា ខណៈពេលដែលយើងកំពុងរង់ចាំទ្រង់ធ្វើការរបស់ទ្រង់។ ការរង់ចាំជួយឲ្យយើងរៀបចំចិត្ត គំនិត និងរូបកាយ សម្រាប់ការអ្វីដែលនឹងត្រូវមកដល់។
ជាការពិតណាស់ ពេលដែលព្រះជាម្ចាស់ឲ្យយើងរង់ចាំ យើងអាចមានចិត្តរំភើបរីករាយ ដោយដឹងថា យើងអាចទុកចិត្តព្រះអង្គ និងផែនការដែលទ្រង់មានសម្រាប់យើង! —PETER CHIN