មាន​ពេល​មួយ​ប៉ូលីស​បាន​ចោទ​ប្រកាន់​ស្រ្តី​ម្នាក់ ពី​បទ​បើក​បរ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ដោយ​បើក​ចេញ​ពី​ផ្លូវ​ថ្នល់ ​ចូល​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ហើយ​បើក​ចូល​ថ្នល់​វិញ។ គាត់​ធ្វើ​ដូច​នេះ គឺ​ដោយសារ​គាត់​មិន​ចង់​រង់​ចាំ ពី​ក្រោយ​ឡាន​ក្រុង​របស់​សាលា​រៀន​មួយ​គ្រឿង ដែល​កំពុង​ឈប់​ពី​មុខ​គាត់​ ដើម្បី​ឲ្យ​សិស្ស​ចុះ។

ជា​ការ​ពិត​ណាស់ ការ​រង់​ចាំ អាច​ធ្វើ​ឲ្យ​យើង​ខ្វះ​ភាព​អត់​ធ្មត់ តែ​មាន​ការ​ល្អៗ​ជា​ច្រើន ដែល​យើង​ត្រូវ​ធ្វើ​ និង​រៀន​សូត្រ នៅ​ក្នុង​ការ​រង់​ចាំ។ ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​នេះ ពេល​ដែល​ទ្រង់​ប្រាប់​ពួក​សាវ័ក​របស់​ទ្រង់ “មិន​ឲ្យ​ទៅ​ទីក្រុង​យេរូសាឡិម” មុន​ពេល​កំណត់​(កិច្ចការ ១:៤) ព្រោះ​ពួក​គេ​ត្រូវ​រង់​ចាំ “ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ”(ខ.៥)។

ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ជួប​ជុំ​គ្នា នៅ​បន្ទប់​ខាង​លើ ពួក​គេ​បាន​រង់​ចាំ ដោយ​ចិត្ត​រំភើប​រីក​រាយ ដោយ​ពួក​គេ​ហាក់​ដូច​ជា​ដឹង​ថា ពេល​ដែល​ទ្រង់​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ទ្រង់​មិន​បាន​ប្រាប់​ពួក​គេ​ឲ្យ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ​នោះឡើយ​។ ហេតុ​នេះ​ហើយ ពួក​គេ​ក៏​បាន​ចំណាយ​ពេល​អធិ​ស្ឋាន​(ខ.១៤) ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ចែង​ផង​ដែរ​ថា នៅពេល​នោះ ពួក​គេ​បាន​ជ្រើស​រើស​សាវ័ក​ថ្មី​ម្នាក់ ដើម្បី​ជំនួស​យូដាស​(ខ.២៦)។ ពេល​ដែល​ពួក​គេ​កំពុង​តែ​រួប​រួម​គ្នាថ្វាយ​បង្គំ និង​អធិ​ស្ឋាន ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ(២:១-៤)។

ពួក​សាវ័ក​មិន​ត្រឹម​តែ​រង់​ចាំ​ប៉ុណ្ណោះ​ឡើយ តែ​ពួក​គេ​ក៏​បាន​រៀប​ចំ​ខ្លួន​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ព្រះជា​ម្ចាស់ គឺ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រង់​ចាំ ដោយ​មិន​ធ្វើ​អ្វី​សោះ ឬ​មាន​ការ​ប្រញាប់​ប្រញាល់​ដោយ​ខ្វះ​ការ​អត់​ធ្មត់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​អធិ​ស្ឋាន ថ្វាយ​បង្គំ និង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា ខណៈ​ពេល​ដែល​យើងកំពុង​រង់​ចាំ​ទ្រង់​ធ្វើ​ការ​របស់​ទ្រង់។ ការ​រង់​ចាំ​ជួយ​ឲ្យ​យើង​រៀប​ចំ​ចិត្ត គំនិត និង​រូប​កាយ សម្រាប់​ការ​អ្វី​ដែល​នឹង​ត្រូវ​មក​ដល់។

ជា​ការ​ពិត​ណាស់ ពេល​ដែល​ព្រះ​ជា​ម្ចាស់​ឲ្យ​យើង​រង់​ចាំ យើង​អាច​មាន​ចិត្ត​រំភើប​រីក​រាយ ដោយ​ដឹង​ថា យើង​អាច​ទុក​ចិត្ត​ព្រះ​អង្គ និង​ផែន​ការ​ដែល​ទ្រង់​មាន​សម្រាប់​យើង! —PETER CHIN