ថ្ងៃនោះបានចាប់ផ្តើមដូចថ្ងៃមុនៗ ប៉ុន្តែ វាបានបញ្ចប់ទៅវិញ ដោយសុបិន្តអាក្រក់។ អេសធើរ(Esther មិនមែនឈ្មោះពិត) និងស្រ្តីរាប់រយនាក់ទៀត ត្រូវបានដោយពួកសកម្មប្រយុទ្ធសាសនាចាប់ជំរិត នៅសាលារៀន ។ មួយខែក្រោយមក ពួកគេក៏ត្រូវបានគេដោះលែងវិញ លើកលែងតែអេសធើរ ដោយសារនាងបដិសេធមិនព្រមឈប់ជឿព្រះគ្រីស្ទ។ ខណៈពេលដែលខ្ញុំ និងមិត្តភក្តិខ្ញុំបានអានរឿងរបស់គាត់ និងអ្នកដទៃទៀត ដែលត្រូវគេបៀតបៀនដោយសារជំនឿ ចិត្តរបស់យើងមានការប៉ះពាល់យ៉ាងខ្លាំង។ យើងចង់ធ្វើអ្វីម្យ៉ាង។ ប៉ុន្តែ តើយើងធ្វើអ្វី ?
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូស គាត់បានចែកចាយ អំពីបញ្ហាដែលគាត់បានជួបប្រទះ នៅខេត្តអាស៊ី។ ការបៀតបៀនមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង បានជាគាត់ និងគូកនរបស់គាត់ “មិនសង្ឃឹមថា នឹងនៅមានជីវិតរស់ឡើយ”(២កូរិនថូស ១:៨)។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានទទួលជំនួយពីការអធិស្ឋានរបស់គ្រីស្ទបរិស័ទដទៃទៀត(ខ.១១)។ ទោះពួកជំនុំ នៅក្រុងកូរិនថូស ស្ថិតនៅឆ្ងាយពីសាវ័កប៉ុលក៏ដោយ ក៏ការអធិស្ឋានរបស់ពួកគេសំខាន់ណាស់ ហើយព្រះជាម្ចាស់ក៏បានស្តាប់ឮពួកគេអធិស្ឋាន។ ព្រះជាម្ចាស់ដែលមានអំណាចគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង ទ្រង់បានសម្រេចព្រះទ័យប្រើប្រាស់ការអធិស្ឋានរបស់យើង ដើម្បីសម្រេចបំណងព្រះទ័យទ្រង់។ នេះជាអាថ៌កំបាំងដ៏អស្ចារ្យណាស់។ ហើយយើងក៏មានឯកសិទ្ធិពិសេស នៅក្នុងការអធិស្ឋានផងដែរ។
សព្វថ្ងៃនេះ យើងអាចបន្តនឹកចាំ អំពីបងប្អូនប្រុសស្រី ក្នុងព្រះគ្រីស្ទ ដែលកំពុងរងទុក្ខ ដោយសារជំនឿរបស់ពួកគេ។ អ្វីដែលយើងអាចធ្វើនោះ គឺយើងអាចអធិស្ឋានឲ្យអ្នកដែលត្រូវគេបន្ទាបបន្ថោក គាបសង្កត់ ធ្វើទារុណកម្ម ហើយជួនកាល ត្រូវគេសម្លាប់ ដោយសារជំនឿលើព្រះគ្រីស្ទទៀតផង។ ចូរយើងអធិស្ឋាន សូមឲ្យពួកគេបានពិសោធនឹងការកម្សាន្តចិត្ត និងការលើកទឹកចិត្តរបស់ព្រះជាម្ចាស់ ហើយបានចម្រើនកម្លាំងឡើង ដោយក្តីសង្ឃឹម ខណៈពេលដែលពួកគេឈរយ៉ាងមាំមួន ជាមួយព្រះយេស៊ូវ។ —POH FANG CHIA