ថ្ងៃ​នោះ​បាន​ចាប់​ផ្តើម​ដូច​ថ្ងៃ​មុន​ៗ ប៉ុន្តែ វា​បាន​បញ្ចប់​ទៅ​វិញ ដោយ​សុបិន្ត​អាក្រក់។ អេសធើរ(Esther មិន​មែនឈ្មោះ​ពិត)​ និង​ស្រ្តី​រាប់​រយ​នាក់​ទៀត ត្រូវ​បានដោយ​ពួក​សកម្ម​ប្រយុទ្ធ​សាសនា​ចាប់​ជំរិត នៅ​សាលា​រៀន ។ មួយ​ខែ​ក្រោយ​មក ពួក​គេ​ក៏​ត្រូវ​បាន​គេ​ដោះ​លែង​វិញ លើក​លែង​តែ​អេសធើរ ដោយសារ​នាង​បដិសេធ​មិន​ព្រម​ឈប់​ជឿ​ព្រះ​គ្រីស្ទ។ ខណៈ​ពេល​ដែល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​បាន​អាន​រឿង​របស់​គាត់ និង​អ្នក​ដទៃ​ទៀត ដែល​ត្រូវ​គេ​បៀត​បៀនដោយ​សារ​ជំនឿ ចិត្ត​របស់​យើង​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង។ យើង​ចង់​ធ្វើ​អ្វី​ម្យ៉ាង។ ប៉ុន្តែ តើ​យើងធ្វើ​អ្វី ?

ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស គាត់​បាន​ចែក​ចាយ អំពី​បញ្ហា​ដែល​គាត់​បាន​ជួប​ប្រទះ នៅ​ខេត្ត​អាស៊ី។ ការ​បៀត​បៀន​មាន​ភាព​ធ្ងន់​ធ្ងរ​យ៉ាង​ខ្លាំង បាន​ជា​គាត់ និង​គូកន​របស់​គាត់ “មិន​សង្ឃឹម​ថា នឹងនៅ​មាន​ជីវិត​រស់​ឡើយ”(២កូរិនថូស ១:៨)។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​បាន​ទទួល​ជំនួយ​ពី​ការ​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​(ខ.១១)។ ទោះ​ពួក​ជំនុំ នៅ​ក្រុង​កូរិនថូស ស្ថិត​នៅ​ឆ្ងាយ​ពី​សាវ័ក​ប៉ុល​ក៏​ដោយ ក៏​ការ​អធិ​ស្ឋាន​របស់​ពួក​គេ​សំខាន់​ណាស់ ហើយ​ព្រះ​ជា​ម្ចាស់​ក៏​បាន​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន។ ព្រះ​ជា​ម្ចាស់​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​គ្រប់​យ៉ាង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ប្រើ​ប្រាស់​ការ​អធិស្ឋាន​របស់​យើង ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់។ នេះ​ជា​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ណាស់។ ហើយ​យើង​ក៏​មាន​ឯក​សិទ្ធិ​ពិសេស នៅ​ក្នុង​ការ​អធិស្ឋាន​ផង​ដែរ។

សព្វ​ថ្ងៃ​នេះ យើង​អាច​បន្ត​នឹក​ចាំ អំពី​បង​ប្អូន​ប្រុស​ស្រី ក្នុង​ព្រះ​គ្រីស្ទ ដែល​កំពុង​រង​ទុក្ខ ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ អ្វី​ដែល​យើង​អាច​ធ្វើ​នោះ គឺ​យើង​អាច​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​បន្ទាប​បន្ថោក គាប​សង្កត់ ធ្វើ​ទារុណ​កម្ម ហើយ​ជួន​កាល ត្រូវ​គេ​សម្លាប់ ដោយសារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​ទៀត​ផង។ ចូរ​យើង​អធិស្ឋាន សូម​ឲ្យ​ពួក​គេ​បាន​ពិសោធ​នឹង​ការកម្សាន្ត​ចិត្ត និង​ការ​លើក​ទឹក​ចិត្ត​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​ចម្រើន​កម្លាំង​ឡើង ដោយ​ក្តី​សង្ឃឹម  ខណៈ​ពេល​ដែលពួក​គេ​ឈរ​យ៉ាង​មាំ​មួន ជា​មួយ​ព្រះ​យេស៊ូវ។​ —POH FANG CHIA