មានពេលមួយ ខ្ញុំបានអើតមើលពីលើរបងផ្ទះ ដែលខ្ញុំបានប្រើជាបង្គោលទ្រើងទំពាំងបាយជូរ ដែលបានហ៊ុមព័ទ្ធទីធ្លាផ្ទះខ្ញុំ។ បន្ទាប់មក ខ្ញុំក៏បានឃើញគេរត់ត្រឹកៗ ខ្លះដើរធម្មតា ខ្លះដើរអូសជើង តាមផ្លូវជុំវិញសួនច្បារ នៅពីក្រោយផ្ទះខ្ញុំ។ ខ្ញុំគិតថា ខ្ញុំធ្លាប់ធ្វើដូចពួកគេដែរ កាលខ្ញុំនៅមានកម្លាំងខ្លាំងជាងពេលសព្វថ្ងៃ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា មិនពេញចិត្តនឹងសមត្ថភាពដែលខ្លួនកំពុងតែមាន។
ក្រោយមក ពេលដែលខ្ញុំកំពុងតែមើលព្រះគម្ពីរ ខ្ញុំក៏បានអានចំបទគម្ពីរ អេសាយ ៥៥:១ ដែលបានចែងថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ” ហើយខ្ញុំក៏បានដឹងថា ការមិនពេញចិត្ត(ការស្រេកឃ្លាន) កើតមានជាធម្មតាក្នុងជីវិតនេះ។ ព្រោះគ្មានរបស់ល្អអ្វី ក្នុងជីវិតយើង ដែលអាចធ្វើឲ្យយើងពេញចិត្តទាំងស្រុងឡើយ។ បើសិនជាខ្ញុំមានជើងរឹងមាំ ដូចលោកសឺប៉ា(Sherpa ដែលជាមគ្គុទេសករនាំឡើងភ្នំ) នោះខ្ញុំក៏នៅមានបញ្ហាអ្វីផ្សេងទៀតក្នុងជីវិតខ្ញុំ ដែលខ្ញុំនៅមិនទាន់ពេញចិត្ត។
វប្បធម៌យើង តែងតែប្រាប់យើងថា យើងនឹងរកបានការសប្បាយគ្មានទីបញ្ចប់ ពីការអ្វីដែលយើងធ្វើ និងរបស់ដែលយើងទិញ ខោអាវដែលយើងស្លៀកពាក់ ទឹកអប់ដែលយើងបាញ់ពីលើខ្លួន យានយន្តដែលយើងបើកបរ ឬជិះ។ល។ ប៉ុន្តែ វាជាការកុហក់ទេ។ យើងមិនអាចរកបានការពេញចិត្តទាំងស្រុង ពីអ្វីៗដែលយើងមាន ក្នុងពេលនេះ និងនៅទីកន្លែងនេះបានឡើយ ទោះយើងធ្វើអ្វីក៏ដោយ។
ផ្ទុយទៅវិញ ហោរាអេសាយបានប្រាប់យើងម្តងហើយម្តងទៀត ឲ្យចូលទៅរកព្រះជាម្ចាស់ និងព្រះគម្ពីរ ដើម្បីស្តាប់ទ្រង់មានបន្ទូល។ តើទ្រង់មានបន្ទូលដូចម្តេច? ទ្រង់មានបន្ទូលថា សេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះស្តេចដាវីឌតាំងពីដើមមក គឺ “ស្ថិតស្ថេរ” និង “ស្មោះត្រង់”(ខ.៣)។ ហើយទ្រង់ក៏ស្រឡាញ់យើង ដោយក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ និងស្មោះត្រង់ផងដែរ។ យើងអាចចូលទៅរកទ្រង់ ដើម្បីស្វែងរកការស្កប់ចិត្តដ៏ពិត។—DAVID H. ROPER