មាន​ពេល​មួយ ខ្ញុំ​បាន​អើត​មើល​ពី​លើ​របង​ផ្ទះ​ ដែល​ខ្ញុំ​បាន​ប្រើ​ជា​បង្គោល​ទ្រើង​ទំពាំង​បាយ​ជូរ ដែល​បាន​ហ៊ុម​ព័ទ្ធ​ទី​ធ្លា​ផ្ទះ​ខ្ញុំ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​គេ​រត់​ត្រឹក​ៗ ខ្លះ​ដើរ​ធម្មតា ខ្លះ​ដើរ​អូស​ជើង តាម​ផ្លូវ​ជុំវិញ​សួន​ច្បារ នៅ​ពី​ក្រោយ​ផ្ទះខ្ញុំ​។ ខ្ញុំ​គិត​ថា ខ្ញុំ​ធ្លាប់​ធ្វើ​ដូច​ពួក​គេ​ដែរ កាល​ខ្ញុំ​នៅ​មាន​កម្លាំង​ខ្លាំង​ជាង​ពេល​សព្វ​ថ្ងៃ។ ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ពេញ​ចិត្ត​នឹង​សមត្ថ​ភាព​ដែល​ខ្លួន​កំពុង​តែ​មាន។

ក្រោយ​មក ពេល​ដែល​ខ្ញុំ​កំពុង​តែ​មើល​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​អាន​ចំ​បទ​គម្ពីរ អេសាយ ៥៥:១ ដែល​បាន​ចែង​ថា “ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ” ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​មិន​ពេញ​ចិត្ត​(ការ​ស្រេក​ឃ្លាន) កើត​មាន​ជា​ធម្មតា​ក្នុង​ជីវិត​នេះ។ ព្រោះ​គ្មាន​របស់​ល្អ​អ្វី ក្នុង​ជីវិត​យើង ដែល​អាច​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត​ទាំង​ស្រុង​ឡើយ។ បើ​សិន​ជាខ្ញុំ​មាន​ជើង​រឹង​មាំ ដូច​លោក​សឺប៉ា(Sherpa ដែល​ជា​មគ្គុទេសករ​នាំ​ឡើង​ភ្នំ) នោះ​ខ្ញុំ​ក៏​នៅ​មាន​បញ្ហា​អ្វី​ផ្សេង​ទៀតក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​នៅ​មិន​ទាន់​ពេញ​ចិត្ត។

វប្បធម៌​យើង តែង​តែ​ប្រាប់​យើង​ថា យើង​នឹង​រក​បាន​ការ​សប្បាយ​គ្មាន​ទី​បញ្ចប់ ពី​ការ​អ្វី​ដែល​យើង​ធ្វើ និង​របស់​ដែល​យើង​ទិញ ខោអាវ​ដែល​យើង​ស្លៀក​ពាក់ ទឹក​អប់​ដែល​យើង​បាញ់​ពី​លើ​ខ្លួន យាន​យន្ត​ដែល​យើង​បើក​បរ ឬ​ជិះ។ល។ ប៉ុន្តែ វា​ជា​ការ​កុហក់​ទេ។​ យើង​មិន​អាច​រក​បាន​ការ​ពេញ​ចិត្ត​ទាំង​ស្រុង ពី​អ្វី​ៗ​ដែល​យើង​មាន ក្នុង​ពេល​នេះ និង​នៅ​ទីកន្លែង​នេះ​បាន​ឡើយ ទោះ​យើង​ធ្វើ​អ្វី​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ ហោរា​អេសាយ​បាន​ប្រាប់​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ចូល​ទៅ​រក​ព្រះ​ជា​ម្ចាស់ និង​ព្រះ​គម្ពីរ ដើម្បី​ស្តាប់​ទ្រង់​មាន​បន្ទូល។ ​តើ​ទ្រង់​មាន​បន្ទូល​ដូច​ម្តេច? ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​ស្តេច​ដាវីឌ​តាំង​ពី​ដើម​មក គឺ “ស្ថិតស្ថេរ” និង “ស្មោះត្រង់”(ខ.៣)។ ហើយ​ទ្រង់​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ និង​ស្មោះ​ត្រង់​ផង​ដែរ។ យើង​អាច​ចូល​ទៅ​រក​ទ្រង់ ដើម្បី​ស្វែង​រក​ការ​ស្កប់​ចិត្ត​ដ៏​ពិត។—DAVID H. ROPER