តើអ្នកគិតដល់នរណាមុនគេ ពេលអ្នកឮពាក្យ “អ្នកប្រឹក្សាយោបល់ដែលគួរឲ្យទុកចិត្ត? សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតដល់លោកគ្រូគង្វាល រីច(Rich)។ គាត់បានមើលឃើញសក្តានុពលរបស់ខ្ញុំ ហើយជឿជាក់លើខ្ញុំ ពេលដែលខ្ញុំខ្វះជំនឿចិត្ត ចំពោះសមត្ថភាពខ្លួនឯង។ គាត់បានធ្វើជាគំរូនៃការដឹកនាំ ដោយបម្រើ ដោយការបន្ទាបខ្លួន និងសេចក្តីស្រឡាញ់។ ជាលទ្ធផល សព្វថ្ងៃនេះ ខ្ញុំក៏កំពុងបម្រើព្រះ ដោយផ្តល់ការប្រឹក្សាយោបល់ដល់អ្នកដទៃផងដែរ។
ហោរាអេលីយ៉ាបានបំពេញតួនាទីដ៏សំខាន់ នៅក្នុងការលូតលាស់របស់លោកអេលីសេ រហូតក្លាយជាអ្នកដឹកនាំ។ លោកអេលីយ៉ាបានឃើញគាត់កំពុងតែភ្ជួរស្រែ ហើយក៏បានហៅគាត់ឲ្យធ្វើជាសិស្សរបស់គាត់ បន្ទាប់ពីព្រះជាម្ចាស់បានប្រាប់គាត់ ឲ្យចាក់ប្រេងតាំងលោកអេលីសេ ឲ្យធ្វើជាអ្នកបន្តវេណរបស់គាត់(១ពង្សាវតាក្សត្រ ១៩:១៦,១៩)។ សិស្សវ័យក្មេងនេះបានមើលគ្រូរបស់គាត់ធ្វើការអស្ចារ្យ ហើយស្តាប់បង្គាប់ព្រះជាម្ចាស់ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ ព្រះជាម្ចាស់បានប្រើលោកអេលីយ៉ា ដើម្បីរៀបចំខ្លួនលោកអេលីសេ សម្រាប់ការងារបម្រើព្រះពេញមួយជីវិត។ នៅចុងបញ្ចប់នៃជីវិតរបស់លោកអេលីយ៉ា លោកអេលីសេមានឱកាសចាកចេញពីគាត់។ តែលោកអេលីសេបានសម្រេចចិត្តធ្វើការប្តេជ្ញាចិត្តជាថ្មី ចំពោះគ្រូរបស់គាត់។ លោកអេលីយ៉ាបានផ្តល់ឱកាសឲ្យលោកអេលីសេបោះបង់មុខនាទីរបស់គាត់ តែគាត់បានបដិសេធរាល់លើកថា “ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ”(២ពង្សាវតាក្សត្រ ២:២,៤,៦)។ ដោយសារតែភាពស្មោះត្រង់របស់លោកអេលីសេ ព្រះជាម្ចាស់ក៏បានប្រើគាត់ តាមរបៀបដ៏អស្ចារ្យផងដែរ។
យើងរាល់គ្នាសុទ្ធតែត្រូវការនរណាម្នាក់ ធ្វើជាគំរូនៃការដើរតាមព្រះយេស៊ូវ។ សូមព្រះជាម្ចាស់ប្រទានយើង នូវបុរស ឬស្រ្តីដែលកោតខ្លាចព្រះ ដែលនឹងជួយយើងឲ្យលូតលាស់ខាងវិញ្ញាណ។ ហើយយើងក៏នឹងធ្វើជាគំរូដ៏ល្អ សម្រាប់អ្នកដទៃ ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធផងដែរ។—ESTERA PIROSCA ESCOBAR