តើ​អ្នក​គិត​ដល់​នរណា​មុន​គេ ពេល​អ្នក​ឮ​ពាក្យ “អ្នក​ប្រឹក្សា​យោបល់ដែល​គួរ​ឲ្យ​ទុកចិត្ត? សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិតដល់​លោក​គ្រូ​គង្វាល រីច(Rich)។ គាត់​បាន​មើល​ឃើញ​សក្តានុពល​របស់​ខ្ញុំ ហើយ​ជឿ​ជាក់​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ខ្វះជំនឿ​ចិត្ត ចំពោះ​សមត្ថ​ភាព​ខ្លួន​ឯង។ គាត់​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ដឹក​នាំ ដោយ​បម្រើ ដោយ​ការ​បន្ទាប​ខ្លួន និង​សេចក្តី​ស្រឡាញ់។ ជា​លទ្ធ​ផល សព្វ​ថ្ងៃ​នេះ ខ្ញុំ​ក៏​កំពុង​បម្រើ​ព្រះ ដោយ​ផ្តល់​ការ​ប្រឹក្សា​យោបល់ដល់​អ្នក​ដទៃ​ផង​ដែរ។​

ហោរា​អេលីយ៉ា​បាន​បំពេញ​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​លូត​លាស់​របស់​លោក​អេលីសេ រហូត​ក្លាយ​ជា​អ្នក​ដឹក​នាំ។ លោក​អេលីយ៉ា​បាន​ឃើញ​គាត់​កំពុង​តែ​ភ្ជួរ​ស្រែ ហើយ​ក៏​បាន​ហៅ​គាត់​ឲ្យ​ធ្វើ​ជា​សិស្ស​របស់​គាត់ បន្ទាប់​ពី​ព្រះ​ជា​ម្ចាស់​បាន​ប្រាប់​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ឲ្យ​ធ្វើ​ជា​អ្នក​បន្ត​វេណ​របស់​គាត់​(១ពង្សាវ​តាក្សត្រ ១៩:១៦,១៩)។ សិស្ស​វ័យ​ក្មេង​នេះបាន​មើល​គ្រូ​របស់​គាត់​ធ្វើ​ការ​អស្ចារ្យ ហើយ​ស្តាប់​បង្គាប់​ព្រះ​ជា​ម្ចាស់ ទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។  ព្រះ​ជា​ម្ចាស់​បាន​ប្រើ​លោក​អេលីយ៉ា ដើម្បី​រៀប​ចំ​ខ្លួន​លោក​អេលីសេ សម្រាប់​ការងារ​បម្រើ​ព្រះ​ពេញ​មួយជីវិត។ នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​លោក​អេលីយ៉ា លោក​អេលីសេ​មាន​ឱកាស​ចាក​ចេញ​ពី​គាត់។ តែ​លោក​អេលីសេបាន​សម្រេច​ចិត្ត​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ជា​ថ្មី ចំពោះ​គ្រូ​របស់​គាត់។ លោក​អេលីយ៉ា​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​អេលីសេ​បោះ​បង់​មុខ​នាទី​របស់​គាត់ តែ​គាត់​បាន​បដិសេធ​រាល់​លើក​ថា “ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះយេហូវ៉ា ដ៏​មាន​ព្រះ​ជន្ម​រស់​នៅ ហើយដោយ​ព្រលឹង​លោក​​ដ៏នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ”(២ពង្សាវតាក្សត្រ ២:២,៤,៦)។ ​ដោយសារ​តែ​ភាព​ស្មោះ​ត្រង់​របស់​លោក​អេលីសេ ព្រះ​ជា​ម្ចាស់​ក៏​បាន​ប្រើ​គាត់ តាម​របៀប​ដ៏​អស្ចារ្យ​ផង​ដែរ។

យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​នរណា​ម្នាក់ ធ្វើ​ជា​គំរូ​នៃ​ការ​ដើរ​តាម​ព្រះ​យេស៊ូវ។ សូម​ព្រះ​ជា​ម្ចាស់​ប្រទាន​យើង នូវ​បុរស ឬ​ស្រ្តី​ដែល​កោត​ខ្លាច​ព្រះ ដែល​នឹង​ជួយ​យើង​ឲ្យ​លូត​លាស់​ខាង​វិញ្ញាណ។ ហើយ​យើង​ក៏​នឹង​ធ្វើ​ជា​គំរូ​ដ៏​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ។—ESTERA PIROSCA ESCOBAR