នៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត មានផ្លាកមួយដែលមានចំណងជើងថា “ការឆ្លងកាត់ចានគោមនៃទឹកភ្នែក”។ ផ្លាកនេះបានរំឭក អំពីអ្នកដែលហ៊ានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដើម្បីគេចចេញពីការស្លាប់ ក្នុងអំឡុងពេលនៃគ្រោះអត់ឃ្លានផ្លែដំឡូងបារាំងនៅប្រទេសអៀរឡង់ នៅចុងទសវត្សរ៍ឆ្នាំ១៨៤០។ មានមនុស្សជាងមួយលាននាក់បានស្លាប់នៅក្នុងគ្រោះធម្មជាតិនោះ ខណៈពេលដែលមនុស្សជាងមួយលានទៀត បានបោះបង់ចោលផ្ទះសំបែង ដើម្បីធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ទៅសហរដ្ឋអាមេរិក។ លោកចន បូយល អូ រេលី(John Boyle O’Reilly) បានហៅរឿងនេះថា “ចានគោមនៃទឹកភ្នែក”។ ដោយសារអ្នកដំណើរទាំងនោះមានការស្រេកឃ្លាន និងការឈឺចាប់ ពួកគេបានស្វែងរកក្តីសង្ឃឹម ក្នុងអំឡុងពេលដ៏អស់សង្ឃឹម។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៥៥ ស្តេចដាវីឌបានរៀបរាប់អំពីរបៀបដែលទ្រង់ដេញតាមក្តីសង្ឃឹម។ យើងមិនដឹងថា កាលនោះ ទ្រង់កំពុងតែជួបការគំរាមកំហែងអ្វីឡើយ តែទម្ងន់នៃទុក្ខលំបាករបស់ទ្រង់ គឺល្មមនឹងធ្វើឲ្យទ្រង់បាក់ទឹកចិត្តយ៉ាងខ្លាំង(ខ.៤-៥)។ ពេលនោះ ទ្រង់ក៏បានអធិស្ឋាន សូមជំនួយពីព្រះជាម្ចាស់ បានជាទ្រង់ពោលថា “ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្តីសុខ”(ខ.៦)។
យើងក៏ប្រហែលជាចង់រត់គេចទៅរកកន្លែងមានសុវត្ថិភាព ក្នុងពេលដ៏ឈឺចាប់ ដូចស្តេចដាវីឌផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទ្រង់បានពិចារណាអំពីទុក្ខលំបាករបស់ទ្រង់ហើយ ទ្រង់ក៏បានសម្រេចព្រះទ័យរត់ទៅរកព្រះរបស់ទ្រង់ ជាជាងរត់គេចពីការឈឺចាប់ គឺដូចដែលទ្រង់បានបន្លឺសម្លេងច្រៀងថា “ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ”(ខ.១៦)។
ពេលដែលបញ្ហាចូលមកដល់ សូមចាំថាព្រះនៃការកម្សាន្តចិត្តគ្រប់យ៉ាង ទ្រង់អាចនាំអ្នកឆ្លងកាត់ពេលដ៏ងងឹត និងការភ័យខ្លាចដែលជ្រៅបំផុតរបស់អ្នក។ ទ្រង់បានសន្យាថា ថ្ងៃណាមួយ ទ្រង់នឹងជូតទឹកភ្នែកយើងឲ្យអស់(វិវរណៈ ២១:៤)។ ការធានានេះនឹងជួយឲ្យយើងកាន់តែមានភាពរឹងមាំ បានជាយើងអាចទុកចិត្តថា ទ្រង់នឹងជូតទឹកភ្នែកយើងក្នុងពេលឥឡូវនេះផងដែរ។—BILL CROWDER