កាលអើរ៉ុន(មិនមែនឈ្មោះពិតរបស់គាត់) មានអាយុ១៥ឆ្នាំ គាត់បានចាប់ផ្តើមអធិស្ឋានទៅសាតាំង។ គាត់មានអារម្មណ៍ថា សាតាំងគឺជាដៃគូរបស់គាត់។ អើរ៉ុនក៏បានចាប់ផ្តើមកុហក់ លួច និងបោកប្រាស់ក្រុមគ្រួសារ និងមិត្តភក្កិគាត់។ គាត់ក៏មានសុបិនអាក្រក់ផងដែរ។ គាត់បានក្រោកឡើង នៅពេលព្រឹកថ្ងៃមួយ ហើយក៏បានឃើញអារក្សនៅចុងជើងគាត់។ វាប្រាប់គាត់ថា គាត់នឹងប្រឡងជាប់ ហើយបន្ទាប់មក គាត់នឹងស្លាប់។ តែគាត់ក៏បានប្រឡងជាប់ ហើយនៅមានជីវិតរស់។ អើរ៉ុនក៏បានរំឭកថា ក្រោយមក គាត់ក៏បានដឹងច្បាស់ថា សាតាំងគឺជាអ្នកកំភូត។
ដោយសារគាត់ចង់ទៅជួបស្រីៗ គាត់ក៏បានទៅចូលរួមកម្មវិធីបុណ្យរបស់គ្រីស្ទបរិស័ទ ដែលនៅទីនោះ មានបុរសម្នាក់បានសុំអធិស្ឋានឲ្យគាត់។ គាត់ថា ពេលបុរសនោះអធិស្ឋានឲ្យគាត់ គាត់មានអារម្មណ៍ថា សន្តិភាពបានជ្រួតជ្រាបពេញខ្លួនគាត់។ គាត់មានអារម្មណ៍ថា គាត់បានពិសោធន៍នឹងអំណាចដែលខ្លាំងជាង និងមានសេរីភាពជាង អំណាចរបស់សាតាំង។ បុរសដែលបានអធិស្ឋានឲ្យគាត់នោះ បានប្រាប់គាត់ថា ព្រះជាម្ចាស់មានផែនការ សម្រាប់គាត់ ហើយសាតាំងគឺជាអ្នកកុហក។ សម្តីរបស់បុរសនោះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវបានមានបន្ទូលអំពីសាតាំង ពេលដែលទ្រង់ឆ្លើយតប ចំពោះអ្នកដែលប្រឆាំងនឹងទ្រង់ថា សាតាំងគឺជាអ្នកកំភូត និងជាឪពុកនៃសេចក្តីកំភូត(យ៉ូហាន ៨:៤៤)។
អើរ៉ុនក៏បានងាកចេញពីសាតាំង ហើយបែរមករកព្រះគ្រីស្ទវិញ។ សព្វថ្ងៃនេះគាត់ជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់(ខ.៤៧)។ គាត់បានធ្វើការបម្រើទ្រង់ ក្នុងសហគមន៍នៅទីក្រុង ដោយចែកចាយ អំពីការផ្លាស់ប្រែ ដែលទទួលបានពីការដើរតាមព្រះយេស៊ូវ។ គាត់ក៏បានធ្វើបន្ទាល់អំពីអំណាចរបស់ព្រះជាម្ចាស់ ដែលអាចជួយសង្រ្គោះ គឺដូចដែលគាត់បានថ្លែងប្រាប់គេថា ខ្ញុំអាចនិយាយដោយទំនុកចិត្តថា ព្រះជាម្ចាស់បានសង្រ្គោះជីវិតខ្ញុំ។
ព្រះជាម្ចាស់ជាប្រភពនៃការគ្រប់យ៉ាង ដែលល្អ បរិសុទ្ធ និងពិត។ យើងអាចងាកមករកទ្រង់ ដើម្បីស្វែងរកសេចក្តីពិត។—AMY BOUCHER PYE