ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងពួកជំនុំមួយ ដែលមានប្រពៃណីដែលគួរឲ្យចាប់អារម្មណ៍ជាច្រើន។ ឧទាហរណ៍ ពេលដែលសមាជិកក្រុមគ្រួសារ ឬមិត្តភក្តិជាទីស្រឡាញ់ណាម្នាក់ស្លាប់ ជាញឹកញាប់ ព្រះវិហាររបស់ខ្ញុំ បានដាក់កៅអីវែង ឬផ្ទាំងគំនូរណាមួយ នៅតាមផ្លូវដើរក្នុងព្រះវិហារ ដោយមានផ្លាកស្ពាន់មួយ ដែលមានសរសេរអក្សរពីលើ ដើម្បីនឹកចាំ អំពីអ្នកដែលបានទទួលមរណៈភាពនោះ។ គេបានសរសេរឈ្មោះគាត់ នៅលើផ្លាកនោះ ដើម្បីរំឭក អំពីជីវិតរបស់គាត់ដែលបានកន្លងផុតទៅហើយ។ ខ្ញុំតែងតែឲ្យតម្លៃ ចំពោះការរំឭកយ៉ាងដូចនេះ។ ហើយខ្ញុំក៏នៅតែឲ្យតម្លៃរហូតដល់ពេលសព្វថ្ងៃ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ប្រពៃណីនេះតែងតែបានធ្វើឲ្យខ្ញុំឈប់បង្អង់ ហើយពិចារណា ព្រោះផ្លាកទាំងនោះ គឺជាវត្ថុដែលគ្មានចលនា គ្មានជីវិត។ តើយើងអាចប្រើគ្រឿងរំឭកនេះ ជាប្រយោជន៍ដល់អ្នកដែលនៅរស់ ដោយរបៀបណាខ្លះ?
បន្ទាប់ពីយ៉ូណាថាន ដែលជាមិត្តសំឡាញ់របស់ដាវីឌបានបាត់បង់ជីវិត ដាវីឌចង់នឹកចាំអំពីទ្រង់ ហើយក៏បានរក្សាពាក្យសន្យា ដែលខ្លួនមានចំពោះទ្រង់(១សំាយ៉ូអែល ២០:១២-១៧)។ ប៉ុន្តែ ទ្រង់មិនបានស្វែងរកវត្ថុដែលគ្មានជីវិត ដើម្បីធ្វើការរំឭកដល់យ៉ូណាថានឡើយ។ ទ្រង់រកឃើញមភីបូសែត ដែលជាបុត្រារបស់យ៉ូណាថាន(២សាំយ៉ូអែល ៩:៣)។ ទ្រង់បានបង្ហាញចេញនូវសេចក្តីសប្បុរស(ខ.១) ដល់មភីបូសែត(ខ.៦-៧) ដោយប្រគល់ដីដល់គាត់(គឺដីដែលជាកម្មសិទ្ធិរបស់ស្តេចសូល ដែលជាឰយុកោ) ហើយក៏បានផ្គត់ផ្គង់អាហារ និងទឹកជាប្រចាំ(គឺបរិភោគនៅតុរបស់ស្តេច)។
ខណៈពេលដែលយើងបន្តនឹកចាំ អំពីអ្នកដែលបានលាចាកលោក ដោយប្រើវត្ថុអ្វីមួយ ជាការរំឭកដល់ពួកគេ ចូរយើងកុំភ្លេចបង្ហាញចេញនូវសេចក្តីសប្បុរស ដល់អ្នកដែលនៅរស់ តាមគំរូរបស់ស្តេចដាវីឌផងដែរ។—JOHN BLASÉ