នៅជាយក្រុងប៉ារីស មនុស្សម្នាបានមកជួយជនអនាថា ក្នុងតំបន់ដែលពួកគេរស់នៅ គឺមិនខុសពីជាយក្រុងដទៃទៀត នៅទូទាំងពិភពលោកឡើយ។ គេបានច្រកខោអាវក្នុងថង់ ហើយចងព្យួរនៅតាមរបង សម្រាប់ឲ្យអ្នកដែលរស់នៅតាមចិញ្ចើមថ្នល់យកប្រើប្រាស់ តាមតម្រូវការ។ នៅលើថង់នោះ គេបានសរសេរអក្សរពីលើថា “នេះមិនមែនជាខោអាវដែលបានបាត់ទេ តែជាខោអាវសម្រាប់អ្នកដែលរងា”។ ការប្រឹងប្រែងនេះមិនគ្រាន់តែបានធ្វើឲ្យជនអនាថាមានអារម្មណ៍កក់ក្តៅប៉ុណ្ណោះទេ តែថែមទាំងបានបង្រៀនប្រជាជននៅក្នុងសហគមន៍នោះ អំពីសារៈសំខាន់នៃការជួយអ្នកទាល់ក្រ ក្នុងចំណោមពួកគេ។
ព្រះគម្ពីរបាននិយាយសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការទំនុកបម្រុងអ្នកក្រ ដោយបង្រៀនយើងឲ្យ “លាដៃ” ដល់ពួកគេ(ចោទិយកថា ១៥:១១)។ យើងប្រហែលជាជួបការល្បួង ដែលនាំឲ្យយើងមិនចង់យកភ្នែកមើលទុក្ខលំបាករបស់អ្នកក្រ ដោយក្តាប់ធនធានរបស់យើងយ៉ាងណែន ជាជាងចែករំលែកដល់អ្នកដទៃ។ តែព្រះជាម្ចាស់បានជំរុញយើង ឲ្យទទួលស្គាល់ថា នៅទីណាក៏មានអ្នកខ្វះខាតដែរ បានជាយើងចាំបាច់ត្រូវឆ្លើយតបចំពោះពួកគេ ដោយចិត្តសប្បុរស គឺមិនមែនដោយចិត្តទើសទាល់នោះទេ(ខ.១០)។ ព្រះយេស៊ូវមានបន្ទូលថា ពេលដែលយើងជួយទំនុកបម្រុងអ្នកក្រ យើងនឹងទទួលបាននូវទ្រព្យសម្បត្តិដ៏ស្ថិតស្ថេរ នៅនគរស្ថានសួគ៌(លូកា ១២:៣៣)។
អ្នកដទៃប្រហែលជាមិនទទួលស្គាល់សេចក្តីសប្បុរសរបស់យើងទេ តែព្រះជាម្ចាស់ទទួលស្គាល់។ ពេលដែលយើងទំនុកបម្រុងអ្នកដទៃ ដោយចិត្តជ្រះថ្លា យើងមិនគ្រាន់តែបំពេញតម្រូវការអ្នកដែលនៅជុំវិញយើងប៉ុណ្ណោះទេ តែយើងក៏បានពិសោធនឹងក្តីអំណរ ដែលព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រទានមកយើង នៅក្នុងការទំនុកបម្រុងអ្នកដទៃ។ ឱព្រះអម្ចាស់ សូមជួយយើងខ្ញុំ ឲ្យបើកភ្នែក និងលាដៃ ដើម្បីបំពេញតម្រូវការដល់អ្នកដទៃ តាមបំណងព្រះទ័យព្រះអង្គ! —KIRSTEN HOLMBERG