នៅ​ជាយ​ក្រុង​ប៉ារីស មនុស្ស​ម្នា​បាន​មក​ជួយ​ជន​អនាថា ក្នុង​តំបន់​ដែល​ពួក​គេ​រស់​នៅ គឺ​មិន​ខុស​ពី​ជាយ​ក្រុង​ដទៃទៀត នៅ​ទូទាំង​ពិភព​លោក​ឡើយ។​ គេ​បាន​ច្រក​ខោអាវ​ក្នុង​ថង់ ហើយ​ចង​ព្យួរ​នៅ​តាម​របង សម្រាប់​ឲ្យ​អ្នក​ដែល​រស់នៅ​តាម​ចិញ្ចើម​ថ្នល់​យក​ប្រើ​ប្រាស់ តាម​តម្រូវ​ការ។ នៅ​លើ​ថង់​នោះ គេ​បាន​សរសេរ​អក្សរ​ពី​លើ​ថា “នេះ​មិន​មែន​ជាខោអាវ​ដែល​បាន​បាត់​ទេ តែ​ជា​ខោអាវ​សម្រាប់​អ្នក​ដែល​រងា”។ ការ​ប្រឹង​ប្រែង​នេះ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឲ្យ​ជន​អនាថាមាន​អារម្មណ៍​កក់​ក្តៅ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​បង្រៀន​ប្រជាជន​នៅ​ក្នុង​សហគមន៍​នោះ អំពី​សារៈ​សំខាន់​នៃ​ការជួយ​អ្នក​ទាល់​ក្រ ក្នុង​ចំណោម​ពួក​គេ។

ព្រះគម្ពីរ​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សារៈ​សំខាន់​នៃ​ការ​ទំនុក​បម្រុង​អ្នក​ក្រ ដោយ​បង្រៀន​យើង​ឲ្យ “លា​ដៃ” ដល់​ពួកគេ​(ចោទិយកថា ១៥:១១)។ យើង​ប្រហែល​ជា​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​មិន​ចង់​យក​ភ្នែក​មើល​ទុក្ខ​លំបាករបស់​អ្នក​ក្រ ដោយ​ក្តាប់​ធនធាន​របស់​យើង​យ៉ាង​ណែន ជា​ជាង​ចែក​រំលែក​ដល់​អ្នក​ដទៃ។ តែ​ព្រះ​ជា​ម្ចាស់​បាន​ជំរុញយើង ឲ្យ​ទទួល​ស្គាល់​ថា នៅ​ទី​ណាក៏​មាន​អ្នក​ខ្វះ​ខាត​ដែរ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​ឆ្លើយ​តប​ចំពោះ​ពួក​គេ ដោយ​ចិត្ត​សប្បុរស គឺ​មិន​មែន​ដោយ​ចិត្ត​ទើស​ទាល់​នោះ​ទេ(ខ.១០)។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ពេល​ដែល​យើង​ជួយ​ទំនុកបម្រុង​អ្នក​ក្រ យើង​នឹង​ទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​ដ៏​ស្ថិត​ស្ថេរ នៅ​នគរ​ស្ថាន​សួគ៌​(លូកា ១២:៣៣)។

អ្នក​ដទៃ​ប្រហែល​ជា​មិន​ទទួល​ស្គាល់​សេចក្តី​សប្បុរស​របស់​យើង​ទេ តែ​ព្រះ​ជា​ម្ចាស់​ទទួល​ស្គាល់។ ពេល​ដែល​យើង​ទំនុក​បម្រុង​អ្នក​ដទៃ ដោយ​ចិត្ត​ជ្រះ​ថ្លា យើង​មិន​គ្រាន់​តែ​បំពេញ​តម្រូវ​ការ​អ្នក​ដែល​នៅ​ជុំវិញ​យើង​ប៉ុណ្ណោះ​ទេ តែយើង​ក៏​បាន​ពិសោធ​នឹង​ក្តី​អំណរ ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​មក​យើង នៅ​ក្នុង​ការ​ទំនុក​បម្រុង​អ្នក​ដទៃ​។ ឱ​ព្រះ​អម្ចាស់ សូម​ជួយ​យើង​ខ្ញុំ ឲ្យ​បើក​ភ្នែក និង​លា​ដៃ ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​ដទៃ តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ! —KIRSTEN HOLMBERG