នៅក្នុងខ្សែភាពយន្ត រឿងឧទ្យានយួរ៉ាស៊ីក ដែលគេបានចាក់បញ្ចាំងក្នុងឆ្នាំ ១៩៩៣ លោកបណ្ឌិត អៀន ម៉ាលខុម(Ian Malcolm) បានស្រែកប្រាប់តួរអង្គពីរនាក់ទៀត ឲ្យបើកឡានគេចឲ្យលឿន ខណៈពេលដែលសត្វដាយណូស័រដ៏កាចសាហាវមួយក្បាលកំពុងតែដេញតាមពួកគេទាំងកម្រោល។ ពេលដែលអ្នកបើកបរមើលកញ្ចក់ឆ្លុះក្រោយរបស់រថយន្ត គាត់ក៏បានឃើញសត្វល្មូនដ៏សាហាវនោះ កំពុងតែហារមាត់ជង្រ្គោងដាក់គាត់។
ឈុតឆាកមួយនេះ បានធ្វើឲ្យទស្សនិកជនមានអារម្មណ៍តានតឹងក្នុងចិត្ត និងរន្ធត់ចិត្តយ៉ាងខ្លាំង។
ប៉ុន្តែ ជួនកាល យើងមានអារម្មណ៍ថា អតីតកាលរបស់យើង ប្រៀបដូចជា “សត្វសាហាវ” ដែលកំពុងតែដេញតាមប្រហារយើងពីក្រោយ មិនចេះឈប់។ ពេលយើងឆ្លុះមើលជីវិតខ្លួនឯង យើងក៏បានឃើញកំហុសដែលយើងមានពីអតីតកាល កំពុងតែលេចឡើង ដោយការគំរាមកំហែងថា នឹងវាយប្រហារមកលើយើង ដោយការបន្ទោសខ្លួនឯង ឬក្តីអាម៉ាស់។
សាវ័កប៉ុលបានដឹងថា អតីតកាលរបស់យើង ពិតជាមានអំណាចវាយបំបាក់យើង ធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ មុនពេលគាត់ទទួលជឿព្រះយេស៊ូវ គាត់បានព្យាយាមរស់នៅ ឲ្យបានល្អឥតខ្ចោះ អស់ជាច្រើនឆ្នាំ ហើយថែមទាំងបានបៀតបៀនគ្រីស្ទបរិស័ទផងដែរ(ភីលីព ៣:១-៩)។ គាត់នឹងមិនអាចធ្វើអ្វីកើតឡើយ បើសិនជាគាត់នៅតែផ្តោតទៅលើកំហុសទាំងនោះ។
ប៉ុន្តែ គាត់បានរកឃើញអត្ថន័យ ការអត់ឱនទោស និងអំណាច នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ បានជាគាត់សម្រេចចិត្តលះបង់ចោលជីវិតចាស់របស់គាត់(ខ.៨-៩)។ ចាប់តាំងពីពេលនោះមក គាត់ក៏អាចសម្លឹងមើលឆ្ពោះទៅមុខ ដោយជំនឿ ជាជាងងាកមកក្រោយ ដោយការភ័យខ្លាច ឬមានការស្តាយក្រោយ។ គឺដូចដែលគាត់មានប្រសាសន៍ថា “ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.១៣-១៤)។
ការប្រោសលោះដែលយើងមានក្នុងព្រះគ្រីស្ទ បានរំដោះយើង ឲ្យរស់នៅថ្វាយទ្រង់។ យើងមិនត្រូវបណ្តោយឲ្យអតីតកាលរបស់យើង ធ្វើជាអ្នកកំណត់ទិសដៅរបស់យើងទេ ផ្ទុយទៅវិញ យើងត្រូវឆ្ពោះទៅមុខ ជាមួយព្រះគ្រីស្ទ។—ADAM HOLZ