មានស្រ្តីវ័យក្មេងម្នាក់មានការភ័យខ្លាច ពេលដែលស្បែកសម្បុរស្រអែមដ៏ស្រស់ស្អាតរបស់នាង បានចាប់ផ្តើមបាត់បង់សម្រស់។ នាងមានអារម្មណ៍ថា នាងហាក់ដូចជាកំពុងតែរលាយខ្លួន ឬបាត់បង់“ខ្លួនឯង”។ នាងក៏បានលាបគ្រឿងសម្អាងយ៉ាងក្រាស់ពីលើស្បែកនាង ដើម្បីបិទបាំង “ស្នាម” ឃ្លង់ល្ពៅ ដែលបានធ្វើឲ្យស្បែករបស់នាងមានពណ៌សភ្លឺពពាលៗ។

បន្ទាប់មក នៅថ្ងៃមួយ នាងក៏បានសួរខ្លួនឯងថា ហេតុអ្វីបានជានាងចាំបាច់ត្រូវលាក់បាំងវាធ្វើអ្វី? នាងក៏បានទទួលយកខ្លួនរបស់នាង ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះជាម្ចាស់ ហើយឈប់លាបគ្រឿងសម្អាង ដើម្បីបិទបាំងស្នាមទាំងនោះទៀត។ មិនយូរប៉ុន្មាន គេក៏មានការចាប់អារម្មណ៍ ចំពោះទំនុកចិត្ត ដែលនាងមានចំពោះព្រះ។ ទីបំផុត នាងក៏បានក្លាយជា តារាម៉ូដែលទីមួយ ដែលមានជម្ងឺឃ្លង់ល្ពៅ ដែលបានធ្វើជាតំណាងឲ្យប្រេនរបស់ក្រុមហ៊ុនគ្រឿងសម្អាងអន្តរជាតិមួយ។
ក្នុងកម្មវិធីទូរទស្សន៍មួយ មានពិធីករក្នុងកម្មវិធីពត៌មាន បានសម្ភាសនាង នាងក៏ប្រាប់គេថា នាងពិតជាមានពរណាស់ ដែលសេចក្តីជំនឿ ក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង បាននាំឲ្យនាងរកឃើញការកម្សាន្តចិត្តមកពីព្រះ។

រឿងរបស់នាងបានរំឭកយើងថា យើងម្នាក់ៗត្រូវបានព្រះជាម្ចាស់បង្កើតមក ឲ្យដូចរូបអង្គទ្រង់។ គឺដូចមានសេចក្តីចែងថា “ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី”(លោកុប្បត្តិ ១:២៧)។ ទោះរូបសម្រស់ខាងក្រៅរបស់យើងមានលក្ខណៈដូចម្តេចក៏ដោយ យើងម្នាក់ៗសុទ្ធតែមានរូបអង្គទ្រង់ នៅលើខ្លួនយើង។ ក្នុងនាមយើងជាមនុស្សដែលទ្រង់បានបង្កើត យើងត្រូវបង្ហាញឲ្យគេឃើញសិរីល្អរបស់ទ្រង់ ហើយក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ ទ្រង់កំពុងតែកែប្រែជីវិតយើង ឲ្យធ្វើជាតំណាងរបស់ទ្រង់ ក្នុងលោកិយនេះ។

តើអ្នកមានបញ្ហារូបសម្រស់របស់អ្នកឬទេ? នៅថ្ងៃនេះ សូមឆ្លុះកញ្ចក់ ហើយញញឹមថ្វាយព្រះជាម្ចាស់ចុះ។ ព្រះអង្គបានបង្កើតអ្នកមក ឲ្យដូចរូបអង្គទ្រង់។—PATRICIA RAYBON