កាលខ្ញុំរៀននៅមហាវិទ្យាល័យ ខ្ញុំបានចំណាយពេលធ្វើការ ក្នុងពេលវិស្សមកាលរដូវក្តៅ ក្នុងផ្ទះសំណាក់មួយ នៅតំបន់ជួរភ្នំដ៏ស្រស់ស្អាត ក្នុងរដ្ឋខូឡូរ៉ាដូ។ គេបានឲ្យបុគ្គលិកដាក់វេណគ្នា “យាមពេលយប់” ដើម្បីរកមើលភ្លើងឆេះព្រៃ ដើម្បីការពារភ្ញៀវដែលកំពុងគេងនៅទីនោះ។ ពីដំបូង ខ្ញុំមានអារម្មណ៍ថា កិច្ចការនេះហាក់ដូចជាហត់នឿយ ហើយក៏គួរឲ្យធុញទ្រាន់ តែក្រោយមក វាក៏បានក្លាយជាឱកាស ដ៏ពិសេស សម្រាប់ឲ្យខ្ញុំនៅស្ងៀម ជញ្ជឹងគិត និងរកឃើញការកម្សាន្តចិត្ត នៅក្នុងភាពធំឧត្តម្ភនៃព្រះវត្តមានរបស់ព្រះជាម្ចាស់។
ស្តេចដាវីឌបានស្វែងរក និងស្រេកឃ្លានរកព្រះវត្តមានព្រះជាម្ចាស់ អស់ពីចិត្ត(ទំនុកដំកើង ៦៣:១) សូម្បីតែនៅក្នុងដំណេក និងនៅពេលយាម ពេលយប់ក៏ដោយ(ខ.៦)។ បទគម្ពីរទំនុកដំកើងនេះ បានបញ្ជាក់ច្បាស់ថា កាលនោះ ស្តេចដាវីឌកំពុងតែមានបញ្ហា។ ពាក្យពេចន៍ដែលទ្រង់បានពិពណ៌នា ប្រហែលជាបានឆ្លុះបញ្ចាំងអំពីទុក្ខព្រួយជាទម្ងន់របស់ទ្រង់ ដោយសារការបះបោររបស់អាប់សាឡំ ដែលជាបុត្រាទ្រង់។ តែនៅពេលយប់ឡើង ទ្រង់បានរកឃើញជំនួយ និងការស្អាងឡើងវិញ “នៅក្រោមម្លប់ស្លាបព្រះជាម្ចាស់”(ខ.៧) ក្នុងអំណាចចេស្តា និងព្រះវត្តមានព្រះអង្គ។
អ្នកប្រហែលជាកំពុងតែជួបវិបត្តិ ឬទុក្ខលំបាកក្នុងជីវិតរបស់អ្នក ពេលយប់ឡើង អ្នកមិនមានការកម្សាន្តចិត្តសោះ។ អ្នកប្រហែលជាមានបន្ទុកដ៏ធ្ងន់សង្កត់មកលើចិត្ត និងវិញ្ញាណរបស់អ្នក។ ពុំនោះទេ បន្ទុកគ្រួសារ ការងារ ឬបញ្ហាហិរញ្ញវត្ថុ បានរំខានពេលសម្រាករបស់អ្នក។ បើសិនជាដូច្នោះមែន សូមចាត់ទុកពេលដែលគេងមិនលក់នោះ ជាឱកាសស្រែករកព្រះជាម្ចាស់ និងតោងទ្រង់ឲ្យជាប់ ដោយអនុញ្ញាតឲ្យព្រះហស្តនៃក្តីស្រឡាញ់របស់ទ្រង់ទ្រយើង(ខ.៨)។ Evan Morgan, guest author