ពេលដែលដានែល(Darnell) ដើរចូលទៅក្នុងការិយាល័យ របស់គ្រូពេទ្យព្យាបាលដោយចលនា គាត់ដឹងថា គាត់នឹងជួបការឈឺចាប់ជាច្រើន។ គ្រូពេទ្យបានទាញ និងបត់ដៃគាត់ ចំកន្លែងដែលគាត់មិនដែលបានបត់អស់ជាច្រើនខែ បន្ទាប់ពីគាត់មានរបួស។ បន្ទាប់ពីគ្រូពេទ្យបត់ដៃគាត់ទៅខាងហ្នឹង ដែលធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួល បានប៉ុន្មានវិនាទី គ្រូពេទ្យក៏បានប្រាប់គាត់ថា “មិនអីទេ អ្នកអាចសម្រាកបន្តិច”។ ក្រោយមក គាត់ក៏បាននិយាយថា នៅក្នុងការព្យាបាលដោយចលនាមួយលើកៗ គាត់បានឮគ្រូពេទ្យប្រាប់គាត់ប្រហែល៥០ដងថា “មិនអីទេ អ្នកអាចសម្រាក”។

ពេលដានែលគិតអំពីពាក្យនេះ គាត់ក៏បានគិតដល់ការសម្រាកខាងវិញ្ញាណ ដែលជាការសម្រាកនៃជីវិតគាត់។ គាត់អាចសម្រាក នៅក្នុងសេចក្តីល្អ និងសេចក្តីស្មោះត្រង់របស់ព្រះជាម្ចាស់ ជាជាងព្រួយបារម្ភ។

កាលព្រះយេស៊ូវជិតដល់ពេលដែលត្រូវសុគត ទ្រង់ជ្រាបថា ពួកសិស្សរបស់ទ្រង់ចាំបាច់ត្រូវរៀនសូត្រ អំពីការសម្រាកខាងវិញ្ញាណ។ ពួកគេនឹងជួបភាពវឹកវរ និងការបៀតបៀនជាច្រើន។ ទ្រង់ក៏បានលើកទឹកចិត្តពួកគេ ដោយមានបន្ទូលថា ទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យគង់នៅជាមួយពួកគេ ហើយក្រើនរំឭកពួកគេ អំពីសេចក្តីអ្វីដែលទ្រង់បានបង្រៀន(យ៉ូហាន ១៤:២៦)។ ហេតុនេះហើយ ទ្រង់អាចមានបន្ទូលថា “ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ”(ខ.២៧)។

ក្នុងការរស់នៅប្រចាំថ្ងៃ មានរឿងជាច្រើន ដែលអាចធ្វើឲ្យយើងមានអារម្មណ៍តានតឹង។ ប៉ុន្តែ យើងអាចលូតលាស់ នៅក្នុងជំនឿលើព្រះជាម្ចាស់ ដោយរំឭកខ្លួនឯងថា ព្រះវិញ្ញាណបរិសុទ្ធ គង់នៅក្នុងយើងរាល់គ្នា ហើយទ្រង់ប្រទានសន្តិភាពរបស់ទ្រង់ ដល់យើងរាល់គ្នា។ ខណៈពេលដែលយើងពឹងផ្អែកលើកម្លាំងរបស់ទ្រង់ យើងអាចឮទ្រង់មានបន្ទូលថា “មិនអីទេ កូនអាចសម្រាក”។—ANNE CETAS