មានពេលមួយ លោកចន(John) និងអ្នកស្រីម៉ារី(Mary) កំពុងតែបណ្តើរឆ្កែរបស់ពួកគេ នៅក្នុងទីធ្លាផ្ទះរបស់ពួកគេ ហើយក៏បានឃើញកំប៉ុងច្រេះចាប់មួយ ដែលបានផុសចេញពីដី ដោយសារភ្លៀងធ្លាក់កាលពីពេលថ្មីៗនេះ។ ពួកគេក៏បានយកកំប៉ុងនោះ ចូលក្នុងផ្ទះ ហើយក៏បានបើកវាមើល ឃើញកំណប់កាក់មាសជាច្រើន ដែលមានអាយុជាង១០០ឆ្នាំ។ ពួកគេក៏បានត្រឡប់មកកន្លែងនោះវិញ ហើយក៏បានរកឃើញកំប៉ុង៧ទៀត ដែលមានកាក់មាស ១៤២៧កាក់ជាសរុប។ ពួកគេក៏បានការពារកំណប់ដែលពួកគេបានរកឃើញនោះ ដោយយកវាទៅកប់នៅកន្លែងផ្សេង។
កំណប់កាក់មាសនោះ(មានតម្លៃ១០លានដុល្លា) ត្រូវបានគេហៅថាកំណប់សេឌល រីជ ជាការរកឃើញកំណប់ធំបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិក។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងប្រៀបប្រដូច ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលថា “មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ”(ម៉ាថាយ ១៣:៤៤)។
រឿងនិទានអំពីកំណប់ជាច្រើន បានធ្វើឲ្យមនុស្សមានការស្រមើរស្រមៃ ក្នុងរយៈពេលជាច្រើនសតវត្សរ៍កន្លងមកនោះ ទោះការរកឃើញកំណប់ ជារឿងដែលកម្រនឹងកើតមានក៏ដោយ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូល អំពីកំណប់មួយប្រភេទ ដែលមនុស្សគ្រប់គ្នា សុទ្ធតែអាចរកបាន ដោយគ្រាន់តែសារភាពអំពើបាបរបស់ខ្លួន ហើយទទួលជឿ និងដើរតាមទ្រង់(យ៉ូហាន ១:១២)។
ពេលដែលយើងបានទទួលកំណប់នោះហើយ វានឹងមិនបាត់បង់ទៅណាឡើយ។ ឲ្យតែយើងលះបង់ជីវិតចាស់របស់យើង ហើយស្វែងរកព្រះទ័យព្រះជាម្ចាស់ យើងនឹងបានស្គាល់តម្លៃដ៏សក្តិសមរបស់ទ្រង់។ តាមរយៈ “ព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ ដោយសេចក្តីសប្បុរស ដែលទ្រង់ផ្តល់មកយើង ក្នុងព្រះគ្រីស្ទយេស៊ូវ”(អេភេសូរ ២:៧) ទ្រង់បានប្រទានយើងនូវកំណប់ទ្រព្យដែលហួសក្តីស្រមៃរបស់យើង។ កំណប់នោះគឺជាជីវិតថ្មី ជាកូនប្រុស និងកូនស្រីរបស់ទ្រង់ ដែលមានគោលបំណងថ្មី នៅលើផែនដី និងក្តីអំណរមិនអាចពិពណ៌នាបាន ដែលយើងនឹងមានជាមួយទ្រង់ អស់កល្បជានិច្ច។—JAMES BANKS