មុនពេលកម្មវិធីថ្វាយបង្គំពាក់កណ្តាលសប្តាហ៍ចាប់ផ្តើម មនុស្សមួយក្រុមបានជជែកគ្នា អំពីដួងច័ន្ទដែលបានរះពេញវង្ស កាលពីយប់មុន។ ដួងច័ន្ទពេញវង្សនោះ ពិតជាស្រស់ស្អាតណាស់ គឺហាក់ដូចជាវាកំពុងតែអង្គុយនៅលើជើងមេឃ។ អ្នកស្រីវែប(Webb) ជាអ្នកចាស់ទុំជាងគេ ក្នុងការសន្ទនានេះ ជាអ្នកដែលមានសក់ស្កូវ ដែលស្រឡាញ់ដួងច័ន្ទ ដែលជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គាត់ដឹងថា នៅពេលនោះ ខ្ញុំនិងភរិយាខ្ញុំមានកូនពីរនាក់ ក្នុងគ្រួសារយើង ហើយគាត់ចង់ជួយខ្ញុំ នៅក្នុងការបង្ហាត់បង្រៀនពួកគេ តាមរបៀបដ៏ត្រឹមត្រូវ។ គាត់ក៏បានប្រាប់ខ្ញុំ កុំឲ្យភ្លេចឆក់ឱកាសនាំកូនៗរបស់ខ្ញុំមើលដួងច័ន្ទ ដ៏ស្រស់ស្អាតនោះ។
អ្នកស្រីវែបសក្តិសមនឹងធ្វើជាអ្នកនិពន្ធបទទំនុកដំកើងដ៏ល្អម្នាក់។ គាត់បានជញ្ជឹងគិតអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់ស្តេចដាវីឌ អំពីស្នាព្រះហស្តរបស់ព្រះ នៅលើមេឃ ដែល “ពាក្យសំដី ឬភាសា នោះគ្មានឮឡើយ គ្មានអ្នកណាដែលឮសំឡេងនៃរបស់ទាំងនោះទេ ប៉ុន្តែដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្តីនោះបានឮទៅដល់ទីបំផុតលោកីយ៍(ទំនុកដំកើង ១៩:៣-៤)។ ស្តេចដាវីឌ និងអ្នកស្រីវែប មិនចង់ថ្វាយបង្គំដួងច័ន្ទ ឬផ្កាយឡើយ គឺចង់ថ្វាយបង្គំតែព្រះជាម្ចាស់ ដែលបានបង្កើតពួកវាមក ដោយព្រះហស្តដ៏ប៉ិនប្រសប់។ ស្ថានសួគ៌ និងផ្ទៃមេឃបានបើកបង្ហាញសិរីល្អរបស់ព្រះ(ខ.១)។
យើងក៏អាចលើកទឹកចិត្តអ្នកដែលនៅក្បែរយើង ដែលរាប់ចាប់តាំងពីក្មេងតូច ក្មេងជំទង់ រហូតដល់ប្តីប្រពន្ធ និងអ្នកជិតខាង ឲ្យឈប់បង្អង់ ដើម្បីមើល និងស្តាប់ការប្រកាស់ និងបង្ហាញនូវសិរីល្អរបស់ព្រះជាម្ចាស់ នៅជុំវិញខ្លួនយើង។ ការផ្តោតចិត្តទៅលើស្នាព្រះហស្តដែលព្រះជាម្ចាស់បានបង្កើត អាចនាំឲ្យយើងមានចិត្តចង់ថ្វាយបង្គំទ្រង់។ ចូរយើងកុំឲ្យឱកាសនេះកន្លងផុតទៅឡើយ។ —JOHN BLASÉ