មានពេលមួយ រ៉តនី ស្មីត(Rodney Smith) បានដើរ នៅខាងមុខព្រះវិហារតូចមួយ ទៅរកលោកគ្រូគង្វាល ដើម្បីទទួលជឿព្រះគ្រីស្ទ ក្នុងអំឡុងពេលកម្មវិធីថ្វាយបង្គំព្រះ កាលពីឆ្នាំ ១៩៧៧។ ពេលនោះ មានគេខ្សិបខ្សៀវគ្នាថា “អូហ៍ វាគ្រាន់តែជាកូនរបស់ជនជាតិជីបស៊ីប៉ុណ្ណោះ”។ គ្មាននរណាម្នាក់ខ្វល់អំពីក្មេងជំទង់ម្នាក់នេះទេ ដោយសារឪពុកម្តាយគាត់ជាជនជាតិជីបស៊ី ដែលមិនមានការអប់រំ និងមានប្រពៃណីរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានផ្ទះសម្បែងត្រឹមត្រូវ។ តែរ៉តនីមិនខ្វល់ពីសម្លេងខ្សិបខ្សៀវនោះទេ។ គាត់ដឹងច្បាស់ថា ព្រះជាម្ចាស់មានគោលបំណង សម្រាប់ជីវិតគាត់ ដូចនេះ គាត់ក៏បានទិញព្រះគម្ពីរមួយក្បាល និងវចនានុក្រមអង់គ្លេសមួយក្បាល ហើយក៏បានរៀនអាន និងសរសេរដោយខ្លួនឯង។ ក្រោយមក គាត់និយាយថា “ផ្លូវទៅរកព្រះយេស៊ូវ គឺមិនមែនជាសកលវិទ្យាល័យខេមប្រ៊ីជ ហាវើត យេល ឬជាកវីកំណាព្យនោះឡើយ។ ផ្លូវទៅរកព្រះយេស៊ូវ គឺជាភ្នំចាស់មួយ ដែលគេហៅថា កាល់វ៉ារី”។ គាត់ក៏បានជម្នះឧបស័គ្គគ្រប់យ៉ាង ហើយទីបំផុត ក៏បានក្លាយជាអ្នកផ្សាយដំណឹងល្អ ដែលព្រះជាម្ចាស់បានប្រើ ដើម្បីនាំមនុស្សជាច្រើន ឲ្យទទួលជឿព្រះយេស៊ូវ នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

លោកពេត្រុសក៏ជាមនុស្សសាមញ្ញផងដែរ។ គាត់មិនបានទទួលការបណ្តុះបណ្តាលនៅសាលារបស់សាសនាយូដាទេ(កិច្ចការ ៤:១៣) គឺគ្រាន់តែជាអ្នកនេសាទត្រីម្នាក់ មកពីស្រុកកាលីឡេ ដែលនៅទីនោះ ព្រះយេស៊ូវបានត្រាស់ហៅគាត់ ដោយគ្រាន់តែប្រើបន្ទូលសាមញ្ញពីរបីម៉ាត់ថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩)។ លោកពេត្រុសមិនបានរៀនជ្រៅជ្រះ ហើយបានជួបបរាជ័យជាច្រើនក្នុងដំណើរជីវិតជាគ្រីស្ទបរិស័ទ តែគាត់បានក្លាយជាអ្នកដឹកនាំគ្រីស្ទបរិស័ទដ៏រឹងមាំម្នាក់។ ក្រោយមក គាត់បានបញ្ជាក់ថា អ្នកដែលដើរតាមព្រះយេស៊ូវ គឺជា “ពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ”(១ពេត្រុស ២:៩)។

តាមរយៈព្រះយេស៊ូវ មនុស្សទាំងអស់អាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ហើយអាចឲ្យទ្រង់ប្រើ ដោយមិនប្រកាន់ការចំណេះដឹង ភេទ ឬពូជសាសន៍អ្វីឡើយ។ អស់អ្នកដែលបានទទួលជឿព្រះយេស៊ូវ គឺជា “រាស្រ្តដ៏ជាកេរ្តិ៍អាករនៃព្រះ”។—ESTERA PIROSCA ESCOBAR