កាលពីពេលថ្មីៗនេះ ជីដូនរបស់ខ្ញុំបានផ្ញើកញ្ចប់ក្រដាស់មួយមកខ្ញុំ ដែលក្នុងនោះ មានពេញទៅដោយរូបថតចាស់ៗ ហើយពេលដែលខ្ញុំមើលរូបថតទាំងនោះម្តងមួយសន្លឹកៗ ខ្ញុំក៏បានចាប់ចិត្តនឹងរូបមួយជាងគេ។ ក្នុងរូបថតនោះ ខ្ញុំឃើញ រូបខ្ញុំកាលអាយុ២ឆ្នាំ កំពុងអង្គុយនៅចុងម្ខាងនៃជើងក្រាន សម្រាប់ដុតកម្តៅផ្ទះ។ ហើយប៉ារបស់ខ្ញុំកំពុងតែអង្គុយកៀកកម៉ាក់ខ្ញុំ នៅចុងម្ខាងទៀតនៃជើងក្រាននោះ។ អ្នកទាំងពីរមើលមកខ្ញុំ ដោយសេចក្តីស្រឡាញ់ និងទឹកមុខរីករាយ។
ដោយសារខ្ញុំបានបិទវាលើទូខោអាវរបស់ខ្ញុំ នោះខ្ញុំអាចមើលឃើញវា ជារៀងរាល់ពេលព្រឹក។ វាបានរំឭកខ្ញុំ អំពីសេចក្តីស្រឡាញ់ ដែលពួកគាត់មានចំពោះខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ តាមពិតទៅ សូម្បីតែសេចក្តីស្រឡាញ់របស់ឪពុកម្តាយក៏មិនល្អឥតខ្ចោះដែរ។ ខ្ញុំបានរក្សាទុករូបថតនោះ ព្រោះវាបានរំឭកខ្ញុំថា ទោះសេចក្តីស្រឡាញ់របស់មនុស្ស អាចមានចំណុចខ្វះខាតនៅពេលខ្លះក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តែងតែល្អឥតខ្ចោះជានិច្ច ហើយព្រះគម្ពីរបានចែងថា ព្រះជាម្ចាស់កំពុងតែទតមើលមកខ្ញុំ ដោយសេចក្តីស្រឡាញ់ ដូចដែលឪពុកម្តាយខ្ញុំបានមើលមកខ្ញុំ នៅក្នុងរូបថតនោះដែរ។
ហោរាសេផានាបានពិពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរបៀបដែលគួរឲ្យភ្ញាក់ផ្អើល។ គាត់បានពិពណ៌នាថា ព្រះជាម្ចាស់បានអរសប្បាយនឹងរាស្រ្តរបស់ទ្រង់ ដោយបន្លឺសម្លេងច្រៀង។ រាស្រ្តរបស់ទ្រង់មិនសក្តិសមនឹងទទួលសេចក្តីស្រឡាញ់នេះទេ។ ព្រោះពួកគេមិនបានស្តាប់បង្គាប់ទ្រង់ ឬមិនបានប្រព្រឹត្តចំពោះអ្នកដទៃ ដោយចិត្តអាណឹតអាសូរ។ ប៉ុន្តែ លោកសេផានាបានសន្យាថា ទីបញ្ចប់ សេចក្តីស្រឡាញ់របស់ព្រះ ក៏បានលប់ពីលើកំហុសរបស់ពួកគេ។ ទ្រង់នឹងលើកលែងទោសឲ្យពួកគេ(សេផានា ៣:១៥) ហើយទ្រង់ក៏នឹងមានសេចក្តីរីករាយចំពោះពួកគេផងដែរ(ខ.១៧)។ ទ្រង់នឹងប្រមូលរាស្រ្តទ្រង់ ដាក់នៅក្នុងរង្វង់ដៃទ្រង់ និងនាំពួកគេត្រឡប់មកផ្ទះវិញ ហើយស្អាងពួកគេឡើង(ខ.២០)។
នេះជាសេចក្តីស្រឡាញ់ ដែលសក្តិសមនឹងឲ្យខ្ញុំយកមកជញ្ជឹងគិត រៀងរាល់ពេលព្រឹក។—AMY PETERSON