អង្គការគ្រីស្ទបរិស័ទមួយមានបេសកកម្មបង្រៀន អំពីអំណាចនៃការប្រោសឲ្យជា ដែលមាននៅក្នុងការអត់ឱនទោស។ ពួកគេបានធ្វើសកម្មភាពជាច្រើន ដែលក្នុងនោះ ពួកគេបានសម្តែងរឿងខ្លីមួយ ដោយមានតួសម្តែងពីរនាក់ ត្រូវគេចងផ្អោបឲ្យទល់ខ្នងគ្នា ដែលអ្នកទីមួយជាអ្នកធ្វើខុសមកលើអ្នកទីពីរ។ ក្នុងរឿងនេះ មានតែអ្នកដែលជាជនរងគ្រោះប៉ុណ្ណោះ ដែលអាចស្រាយចំណងនោះបាន។ បើគាត់មិនស្រាយចំណងនោះទេ គាត់នឹងនៅទល់ខ្នងជាមួយអ្នកដែលបានធ្វើខុសមកលើគាត់ជានិច្ច ទោះគាត់ខំរើបម្រាស់យ៉ាងណាក្តី។ ដូចនេះ បើគ្មានការអត់ឱនទោសដោយស្រាយចំណងដែលចងរឹតនោះទេ គាត់មិនអាចមានសេរីភាពបានឡើយ។

កាលណាយើងអត់ឱនទោសឲ្យនរណាម្នាក់ ដែលចូលមករកយើង ដោយការសោកស្តាយ ចំពោះកំហុសដែលខ្លួនបានធ្វើមកលើយើង គឺមានន័យថា យើងកំពុងតែរំដោះខ្លួនយើង និងគាត់ ឲ្យរួចពីចំណងនៃភាពល្វីងជូរចត់ និងការឈឺចាប់ ដែលបានចងរឹតយើង តាមរយៈកំហុសដែលគេបានធ្វើមកលើយើង។ តាមកណ្ឌគម្ពីរលោកុប្បត្តិ យើងឃើញថា យ៉ាកុបបានរស់នៅឆ្ងាយពីអេសាវ ដែលជាបងប្រុសគាត់អស់២០ឆ្នំា បន្ទាប់ពីគាត់ បានលួចសិទ្ធិបងច្បងពី អេសាវ។ បន្ទាប់ពីរយៈពេលដ៏វែងនេះបានកន្លងផុតទៅ ព្រះជាម្ចាស់ក៏បានបង្គាប់លោកយ៉ាកុប ឲ្យវិលត្រឡប់ ទៅស្រុកកំណើតរបស់គាត់វិញ(លោកុប្បត្តិ ៣១:៣)។ គាត់ក៏បានស្តាប់បង្គាប់ទ្រង់ តែគាត់នៅមានការភ័យខ្លាច បានជាគាត់ឲ្យគេដឹកហ្វូងសត្វចេញទៅមុខគាត់ ធ្វើជាអំណោយសម្រាប់អេសាវ(៣២:១៣-១៥)។ ពេលបងប្អូនទាំងពីរជួបគ្នា យ៉ាកុបក៏បានក្រាបនៅទៀបជើងអេសាវ៧ដង ដោយការបន្ទាបខ្លួន(៣៣:៣)។ តើគាត់មានការភ្ញាក់ផ្អើលប៉ុណ្ណា ពេលដែលអេសាវរត់មក ឱបគាត់ ហើយអ្នកទាំងពីរក៏បានទួញយំ ក្នុងការផ្សះផ្សានោះ(ខ.៤)។ ដូចនេះ លោកយ៉ាកុបមិនជាប់ចំណងនៃអំពើបាប ដែលគាត់បានធ្វើមកលើបងប្រុសគាត់ទៀតទេ។

តើអ្នកកំពុងតែជាប់ចំណងនៃការមិនអត់ឱនទោស និងជាប់បន្ទុកនៃកំហឹង ការភ័យខ្លាច ឬក្តីអាម៉ាស់ឬទេ? សូមចាំថា ព្រះជាម្ចាស់អាចរំដោះអ្នកឲ្យមានសេរីភាព តាមរយៈព្រះរាជបុត្រា និងព្រះវិញ្ញាណទ្រង់ ពេលដែលអ្នកសូមឲ្យទ្រង់ជួយ។ ទ្រង់នឹងជួយឲ្យអ្នកអាចចាប់ផ្តើមស្រាយចំណងនោះ ហើយរំដោះអ្នកឲ្យមានសេរីភាព។—AMY BOUCHER PYE