យើងអាចមានការពិបាក ពេលដែលយើងឮពាក្យថា “ទេ” ឬ ប្រាប់ឲ្យរង់ចាំនៅពេលក្រោយ ជាពិសេស ពេលដែលយើងយល់ថា ព្រះជាម្ចាស់បានបើកទ្វារឲ្យយើងបម្រើអ្នកដទៃ។ ពេលដែលខ្ញុំទើបតែចាប់ផ្តើមធ្វើការងារបម្រើព្រះ ខ្ញុំបានឃើញឱកាសការងារពីរ ដែលបានបើកឲ្យខ្ញុំបំពេញតម្រូវការរបស់ពួកជំនុំ តាមរយៈអំណោយទាន និងជំនាញរបស់ខ្ញុំ ប៉ុន្តែ ទីបំផុត ទ្វារទាំងនោះក៏បានបិទទៅវិញ។ ខ្ញុំក៏មានការខកចិត្ត តែក្រោយមក ខ្ញុំក៏មានឱកាសទទួលមុខតំណែងមួយទៀត ហើយខ្ញុំក៏ត្រូវបានគេជ្រើសរើស។ ការត្រាសហៅនេះ ក៏បាននាំឲ្យខ្ញុំធ្វើការជាគ្រូគង្វាល ដែលបានធ្វើជាព្រះពរដល់ជីវិតមនុស្សជាច្រើន ក្នុងរយៈពេល ១៣ឆ្នំាកន្លងមកនេះ។
ក្នុងបទគម្ពីរកិច្ចការ ជំពូក១៦ សាវ័កប៉ុល និងក្រុមការងាររបស់គាត់បានទទួលការដឹកនាំពីព្រះជាម្ចាស់ ឲ្យផ្លាស់ប្តូរទិសដៅពីរដង។ ទីមួយ ព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ពួកគេ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ី(ខ.៦)។ បន្ទាប់មក ពួកគេ “នាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ”(ខ.៧)។ កាលនោះ ពួកគេមិនទាន់បានដឹងទេថា ព្រះជាម្ចាស់មានផែនការផ្សេងទៀត ដែលត្រឹមត្រូវសម្រាប់ព្រះរាជកិច្ច និងអ្នកបម្រើរបស់ទ្រង់។ ទ្រង់បានបដិសេធចំពោះផែនការដំបូងរបស់ពួកគេ តែពួកគេមិនបានបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញ ពួកគេបានរង់ចាំស្តាប់តាមការដឹកនាំរបស់ទ្រង់ ដោយសេចក្តីជំនឿ(ខ.៩-១០)។
តើនរណាមិនមានការសោកស្តាយ ចំពោះការបាត់បង់ដ៏ឈឺចាប់? យើងអាចមានអារម្មណ៍ថា មានរបួសក្នុងចិត្ត ពេលដែលយើងមិនបានធ្វើការងារ ដែលយើងប្រាថ្នា ឬពេលដែលក្តីស្រមៃយើងមិនក្លាយជាការពិត ឬក៏ការផ្លាស់ប្តូរការងារ មិនបានទទួលលទ្ធផលល្អ ដូចការរំពឹងទុក។ រឿងបែបនេះ អាចនាំឲ្យមានបន្ទុកដ៏ធ្ងន់ក្នុងចិត្ត អស់មួយរយៈពេល តែជាញឹកញាប់ ពេលវេលាបានបង្ហាញឲ្យយើងដឹងថា រឿងទាំងនោះជាការបង្វៀងផ្លូវ ដែលព្រះជាម្ចាស់បានប្រើ ដើម្បីនាំយើង ទៅកន្លែងដែលទ្រង់ចង់ឲ្យយើងទៅដល់ ហើយយើងគួរតែអរព្រះគុណព្រះអង្គវិញ។
—ARTHUR JACKSON