កាលខ្ញុំ និងស្វាមីខ្ញុំធ្វើដំណើរវិលត្រឡប់ មកពីក្រេបទឹកឃ្មំ យើងបានរង់ចាំការត្រួតពិនិត្យវ៉ាលីរបស់យើង នៅអាកាសយាន្តដ្ឋាន។ ខ្ញុំក៏បានកេះដៃគាត់ ហើយចង្អុលទៅបុរសម្នាក់ ដែលកំពុងឈរ ប្រហែលជាពីរបីម៉ែត្រពីយើង។
ស្វាមីខ្ញុំក៏បានសួរខ្ញុំថា តើគាត់ជានរណា?
ខ្ញុំក៏បាននិយាយប្រាប់ស្វាមីខ្ញុំដោយចិត្តរំភើបរីករាយថា បុរសម្នាក់នោះ គឺជាតួកុន នៅក្នុងរឿងដ៏ល្បី បន្ទាប់មក ខ្ញុំក៏បានដើរទៅរកគាត់ ហើយសុំគាត់ឲ្យថតរូបជាមួយយើង។ ២៤ឆ្នាំក្រោយមក ខ្ញុំនៅតែមានចិត្តរីករាយ នៅក្នុងការនិយាយអំពីរឿង ដែលខ្ញុំបានជួបតារាភាពយន្តដ៏ល្បីនៅថ្ងៃនោះ។

បើយើងមិនបានស្គាល់តួកុនដ៏ល្បីម្នាក់ នោះមិនទាស់ខុសអ្វីទេ ប៉ុន្តែ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដែលបានឲ្យខ្ញុំស្គាល់ព្រះអង្គ ដោយផ្ទាល់ខ្លួន។ ស្តេចដាវីឌដែលជាអ្នកនិពន្ធបទទំនុកដំកើងបានពោលថា “តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា?”(ទំនុកដំកើង ២៤:៨)។ ទ្រង់ក៏បានមានបន្ទូលរៀបរាប់ថា ព្រះអម្ចាស់ដ៏មានគ្រប់ចេស្តា ទ្រង់ក៏ជាព្រះអាទិករ ព្រះដ៏ទ្រទ្រង់ និងគ្រប់គ្រងលើអ្វីៗទាំងអស់។ គឺដូចដែលស្តេចដាវីឌបានបន្លឺសម្លេងច្រៀងថា “ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង។ ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង”(ខ.១-២)។ ស្តេចដាវីឌក៏បានប្រកាស់ ដោយចិត្តស្ញែងខ្លាចថា ព្រះជាម្ចាស់ខ្ពស់លើទាំងអស់ តែយើងអាចចូលទៅជិតទ្រង់នៅពេលណាក៏បាន(ខ.៣-៤)។ យើងអាចស្គាល់ព្រះអង្គ ទទួលកម្លាំងពីព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គនឹងប្រយុទ្ធជំនួសយើង កាលណាយើងរស់នៅថ្វាយព្រះអង្គ(ខ.៨)។

ព្រះជាម្ចាស់ឲ្យយើងមានឱកាសប្រកាសថា ព្រះអង្គជាអង្គបុគ្គលដែលមានព្រះនាមល្បីល្បាញបំផុត ដែលសក្តិសមនឹងឲ្យយើងនាំអ្នកដទៃឲ្យស្គាល់ព្រះអង្គដែរ។ ពេលដែលយើងបង្ហាញឲ្យគេស្គាល់លក្ខណៈសម្បត្តិរបស់ទ្រង់ តាមរយៈការរស់នៅរបស់យើង អ្នកដែលមិនស្គាល់ទ្រង់អាចនឹងមានហេតុនឹងសួរថា “តើព្រះអង្គជានរណា?” ពេលនោះ យើងអាចថ្លែងប្រាប់ដោយការស្ញែងខ្លាច ឲ្យគេស្គាល់ព្រះអង្គ តាមគំរូរបស់ស្តេចដាវីឌ! —XOCHITL DIXON