ក្នុងតំបន់ក្រីក្របូកូតា មានផ្លូវចោទមួយខ្សែ សម្រាប់ឲ្យគេធ្វើដំណើរឡើងទួលមួយ ដែលជាទីតាំងផ្ទះ របស់អ្នករើសសំរាមម្នាក់។ ផ្ទះនោះគ្មានអ្វីដែលមើលទៅគួរឲ្យចាប់អារម្មណ៍ទេ។ តែក្នុងរដ្ឋធានីនៃប្រទេសកូឡំប៊ី ទីលំនៅដ៏សាមញ្ញនេះ គឺជាបណ្ណាល័យ ដែលផ្ទុកទៅដោយសៀវភៅ២៥០០០ក្បាល ដែលជាសៀវភៅរឿងដែលគេបានបោះចោល ដែលលោកចូស អាបឺតូ ហ្គូតេរេស(Jose Alberto Gutierrez) បានប្រមូលទុក សម្រាប់ចែករំលែកជាមួយក្មេងក្រីក្រ ក្នុងសហគមន៍របស់គាត់។
ក្មេងៗក្នុងតំបន់តែងតែមកផ្តុំគ្នា នៅក្នុងផ្ទះនោះ ក្នុងអំឡុង “ម៉ោងបណ្ណាល័យ” រៀងរាល់ចុងសប្តាហ៍។ ពួកគេបានដើររកមើលសៀវភៅក្នុងបន្ទប់នីមួយៗ ដែលមានពេញទៅដោយសៀវភៅល្អៗ ធ្វើឲ្យពួកគេទទួលស្គាល់ថា ផ្ទះដ៏តូចទៀបនោះ មិនគ្រាន់តែជាទីលំនៅរបស់លោកចូសប៉ុណ្ណោះទេ តែក៏ជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន។
អ្នកដើរតាមព្រះគ្រីស្ទ ក៏មានលក្ខណៈដូចផ្ទះរបស់លោកចូសផងដែរ។ ព្រះអង្គជាជាងស្មូន ហើយយើងជាដីឥដ្ឋដ៏តូចទៀប ដែលងាយនឹងប្រេះបែក។ តែព្រះអង្គបានសូនយើងឡើង ធ្វើជាផ្ទះសម្រាប់ព្រះវិញ្ញាណទ្រង់គង់នៅ ដោយទ្រង់ប្រទានអំណាចយើងឲ្យអាចនាំដំណឹងល្អនៃព្រះគ្រីស្ទ ចូលទៅក្នុងលោកិយដែលពេញដោយការឈឺចាប់ និងបាក់បែក។ វាជាការងារដ៏ធំ សម្រាប់មនុស្សសាមញ្ញ និងផុយស្រួយ។
សាវ័កប៉ុលបានបង្រៀនពួកជំនុំរបស់គាត់ នៅទីក្រុងកូរិនថូសថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(២កូរិនថូស ៤:៧)។ មានប្រជាជនចំរុះជាតិសាសន៍ កំពុងរស់នៅក្នុងតំបន់នោះ បានជាមានមនុស្សជាច្រើនចង់ចេញទៅបង្រៀនអំពីខ្លួនឯង(ខ.៥)។
ប៉ុន្តែ ផ្ទុយទៅវិញ សាវ័កប៉ុលបានបង្រៀនថា យើងត្រូវទៅថ្លែងប្រាប់អំពីព្រះយេស៊ូវគ្រីស្ទ ដែលគង់នៅក្នុងយើងវិញ។ គឺដោយសារទ្រង់ និងអំណាចដ៏ខ្ពស់បំផុតរបស់ទ្រង់ ដែលបានធ្វើឲ្យជីវិតដ៏សាមញ្ញរបស់យើង ក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។—PATRICIA RAYBON