ក្នុង​តំបន់​ក្រីក្រ​បូកូតា មាន​ផ្លូវ​ចោទ​មួយ​ខ្សែ សម្រាប់​ឲ្យ​គេ​ធ្វើ​ដំណើរ​ឡើង​ទួល​មួយ ដែល​ជា​ទីតាំង​ផ្ទះ របស់​អ្នករើស​សំរាម​ម្នាក់​។ ផ្ទះ​នោះ​គ្មាន​អ្វី​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេ។ តែ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​កូឡំប៊ី ទី​លំនៅ​ដ៏សាមញ្ញ​នេះ គឺ​ជា​បណ្ណាល័យ ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​២៥០០០​ក្បាល ដែល​ជា​សៀវភៅ​រឿង​ដែ​លគេ​បាន​បោះចោល ដែល​លោក​ចូស អាបឺតូ ហ្គូតេរេស(Jose Alberto Gutierrez) បាន​ប្រមូល​ទុក សម្រាប់​ចែក​រំលែក​ជា​មួយ​ក្មេង​ក្រីក្រ ក្នុង​សហគមន៍​របស់​គាត់។

ក្មេង​ៗ​ក្នុង​តំបន់​តែង​តែ​មក​ផ្តុំ​គ្នា នៅ​ក្នុង​ផ្ទះ​នោះ ក្នុង​អំឡុង “ម៉ោង​បណ្ណា​ល័យ” រៀង​រាល់​ចុង​សប្តាហ៍។ ពួក​គេ​បានដើរ​រក​មើល​សៀវភៅ​ក្នុង​បន្ទប់​នីមួយ​ៗ ដែល​មាន​ពេញ​ទៅ​ដោយ​សៀវភៅ​ល្អ​ៗ ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា​ ផ្ទះ​ដ៏​តូចទៀប​នោះ មិន​គ្រាន់​តែ​ជា​ទីលំ​នៅ​របស់​លោក​ចូស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កំណប់​ទ្រព្យ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។

អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ក៏​មាន​លក្ខណៈ​ដូច​ផ្ទះ​របស់​លោក​ចូស​ផង​ដែរ។ ព្រះ​អង្គ​ជា​ជាង​ស្មូន ហើយ​យើង​ជា​ដី​ឥដ្ឋ​ដ៏តូច​ទៀប ដែល​ងាយ​នឹង​ប្រេះ​បែក។ តែ​ព្រះ​អង្គ​បាន​សូន​យើង​ឡើង ធ្វើ​ជា​ផ្ទះ​សម្រាប់​ព្រះ​វិញ្ញាណ​ទ្រង់​គង់​នៅ ដោយទ្រង់​ប្រទាន​អំណាច​យើង​ឲ្យ​អាច​នាំ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ ចូល​ទៅ​ក្នុង​លោកិយ​ដែល​ពេញ​ដោយ​ការ​ឈឺ​ចាប់ និង​បាក់​បែក។ វា​ជា​ការងារ​ដ៏​ធំ សម្រាប់​មនុស្ស​សាមញ្ញ និង​ផុយ​ស្រួយ។

សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​របស់​គាត់ នៅ​ទីក្រុង​កូរិនថូស​ថា “យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ”(២កូរិនថូស ៤:៧)។ មាន​ប្រជាជន​ចំរុះ​ជាតិ​សាសន៍ កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ បាន​ជា​មាន​មនុស្ស​ជា​ច្រើន​ចង់​ចេញ​ទៅ​បង្រៀន​អំពី​ខ្លួន​ឯង​(ខ.៥)។

ប៉ុន្តែ ផ្ទុយ​ទៅ​វិញ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវ​ទៅ​ថ្លែង​ប្រាប់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​គង់​នៅ​ក្នុង​យើង​វិញ​។ គឺ​ដោយ​សារ​ទ្រង់ និង​អំណាច​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់ ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​ដ៏​សាមញ្ញ​របស់​យើង ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន។—PATRICIA RAYBON