កវីកំណាព្យអៀរឡង់ ឈ្មោះអូស្កា វាយ(Oscar Wilde) បានមានប្រសាសន៍ថា “កាលពីក្មេង ខ្ញុំគិតថា លុយជាវត្ថុដែលសំខាន់បំផុតក្នុងជីវិត។ ឥឡូវនេះ ដល់ពេលខ្ញុំមានវ័យចាស់ជាងមុន ខ្ញុំក៏បានដឹងថា លុយពិតជាសំខាន់បំផុតមែន”។ តាមពិត គាត់គ្រាន់តែនិយាយលេងទេ។ គាត់រស់នៅបានតែ៤៦ឆ្នាំប៉ុណ្ណោះ ដូចនេះ គាត់មិនបានឆ្លងកាត់វ័យចាស់នៅឡើយទេ។ គាត់ពិតជាដឹងច្បាស់ថា មនុស្សមិនត្រូវរស់នៅ ដើម្បីលុយឡើយ។
លុយជារបស់បណ្តោះអាសន្នប៉ុណ្ណោះ។ វានៅជាមួយយើងតែមួយភ្លែត ហើយក៏ទៅចោលយើងបាត់។ ដូចនេះ យើងមិនត្រូវរស់នៅដើម្បីវា ឬដើម្បីរបស់អ្វីដែលវាអាចទិញនោះឡើយ។ ព្រះយេស៊ូវបានបង្រៀនមនុស្ស នៅក្នុងជំនាន់របស់ទ្រង់ ទាំងអ្នកមាន និងអ្នកក្រ ឲ្យកែប្រែផ្នត់គំនិត ដែលពួកគេមានចំពោះទ្រព្យសម្បត្តិ។ ក្នុងបទគម្ពីរលូកា ១២:១៥ ព្រះអង្គមានបន្ទូលថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”។ ក្នុងវប្បធម៌របស់យើងសព្វថ្ងៃ មនុស្សចូលចិត្តផ្តោតទៅលើការស្វែងរករបស់ទ្រព្យឲ្យកាន់តែច្រើន និងស្វែងរករបស់ថ្មីៗ និងល្អជាងមុន បានជាយើងត្រូវមានការស្កប់ចិត្ត និងត្រូវផ្លាស់ប្តូរផ្នត់គំនិត ដែលយើងមានចំពោះលុយ និងទ្រព្យសម្បត្តិ។
ពេលដែលបុរសអ្នកមានម្នាក់បានជួបព្រះយេស៊ូវ គាត់បានដើរចេញពីទ្រង់ ដោយទឹកមុខក្រៀមក្រំ ព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន ដែលគាត់មិនចង់លះបង់(លូកា ១៨:១៨-២៥) ប៉ុន្តែ លោកសាខេ ដែលជាអ្នកយកពន្ធបានលះបង់ទ្រព្យសម្បត្តិជាច្រើន ដែលគាត់បានខិតខំរក ពេញមួយជីវិតគាត់(លូកា ១៩:៨)។ និយាយរួម លោកសាខេបានប្រែចិត្ត ឲ្យត្រូវតាមព្រះទ័យរបស់ព្រះគ្រីស្ទ។ ដោយសារព្រះគុណទ្រង់ នោះយើងអាចមានផ្នត់គំនិតដ៏ត្រឹមត្រូវ ចំពោះរបស់អ្វីដែលយើងមាន ដើម្បីកុំឲ្យរបស់ទាំងនោះគ្រប់គ្រងជីវិតយើងឡើយ។—BILL CROWDER