កវី​កំណាព្យ​អៀរ​ឡង់ ឈ្មោះ​អូស្កា វាយ(Oscar Wilde) បាន​មាន​ប្រសាសន៍​ថា “កាល​ពី​ក្មេង ខ្ញុំ​គិត​ថា លុយ​ជា​វត្ថុដែល​សំខាន់​បំផុត​ក្នុង​ជីវិត។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​មាន​វ័យ​ចាស់​ជាង​មុន ខ្ញុំ​ក៏​បាន​ដឹង​ថា លុយ​ពិត​ជា​សំខាន់​បំផុតមែន”។ តាម​ពិត គាត់​គ្រាន់​តែ​និយាយ​លេង​ទេ។ គាត់​រស់​នៅ​បាន​តែ​៤៦​ឆ្នាំ​ប៉ុណ្ណោះ ដូច​នេះ គាត់​មិន​បាន​ឆ្លង​កាត់​វ័យ​ចាស់​នៅ​ឡើយ​ទេ។ គាត់​ពិត​ជា​ដឹង​ច្បាស់​ថា មនុស្ស​មិន​ត្រូវ​រស់​នៅ ដើម្បី​លុយ​ឡើយ។

លុយ​ជា​របស់​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ វា​នៅ​ជា​មួយ​យើង​តែ​មួយ​ភ្លែត ហើយ​ក៏​ទៅ​ចោល​យើង​បាត់។ ដូច​នេះ យើង​មិន​ត្រូវ​រស់​នៅ​ដើម្បី​វា ឬ​ដើម្បី​របស់​អ្វី​ដែល​វា​អាច​ទិញ​នោះ​ឡើយ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​មនុស្ស នៅ​ក្នុង​ជំនាន់​របស់​ទ្រង់ ទាំង​អ្នក​មាន និង​អ្នក​ក្រ ឲ្យ​កែ​ប្រែ​ផ្នត់​គំនិត ដែល​ពួក​គេ​មាន​ចំពោះ​ទ្រព្យ​សម្បត្តិ។ ក្នុង​បទ​គម្ពីរ​លូកា ១២:១៥ ព្រះ​អង្គ​មាន​បន្ទូល​ថា “ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”។ ក្នុង​វប្ប​ធម៌​របស់​យើង​សព្វ​ថ្ងៃ មនុស្ស​ចូល​ចិត្ត​ផ្តោត​ទៅ​លើ​ការ​ស្វែង​រក​របស់​ទ្រព្យ​ឲ្យកាន់​តែ​ច្រើន និង​ស្វែង​រក​របស់​ថ្មី​ៗ និង​ល្អ​ជាង​មុន បាន​ជា​យើង​ត្រូវ​មាន​ការ​ស្កប់​ចិត្ត និង​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត ដែល​យើង​មាន​ចំពោះ​លុយ និង​ទ្រព្យ​សម្បត្តិ។

ពេល​ដែល​បុរស​អ្នក​មាន​ម្នាក់​បាន​ជួប​ព្រះ​យេស៊ូវ គាត់​បាន​ដើរ​ចេញ​ពី​ទ្រង់ ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ ព្រោះ​គាត់​មានទ្រព្យ​សម្បត្តិ​ជា​ច្រើន ដែល​គាត់​មិន​ចង់​លះ​បង់​(លូកា ១៨:១៨-២៥) ប៉ុន្តែ លោក​សាខេ ដែល​ជា​អ្នក​យក​ពន្ធបានលះ​បង់​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ដែល​គាត់​បាន​ខិត​ខំ​រក ពេញ​មួយ​ជីវិត​គាត់(លូកា ១៩:៨)។ និយាយ​រួម លោក​សាខេបាន​ប្រែ​ចិត្ត ឲ្យ​ត្រូវ​តាម​ព្រះទ័យ​របស់​ព្រះ​គ្រីស្ទ។ ដោយសារ​ព្រះ​គុណ​ទ្រង់ នោះ​យើង​អាច​មាន​ផ្នត់​គំនិត​ដ៏​ត្រឹម​ត្រូវ ចំពោះ​របស់​អ្វី​ដែល​យើង​មាន ដើម្បី​កុំ​ឲ្យ​របស់​ទាំង​នោះ​គ្រប់​គ្រង​ជីវិត​យើង​ឡើយ។—BILL CROWDER