កាលពីដើមទសវត្សរ៍ឆ្នាំ១៩០០ ក្រុមហ៊ុនរថយន្តភែខាដ ម៉ូតូ បានបង្កើតពាក្យស្លោកមួយ ដើម្បីទាក់ទាញអតិថិជន។ ពាក្យស្លោកនោះបានប្រាប់អតិថិជន ឲ្យសួរអ្នកដែលបានទិញរថយន្តរបស់ក្រុមហ៊ុននេះ។ ពាក្យស្លោកនេះបានក្លាយជាពាក្យដ៏មានអំណាច ដែលបានរួមចំណែកនៅក្នុងការកសាងកេរ្តិ៍ឈ្មោះ ឲ្យក្រុមហ៊ុនរថយន្តមួយនេះ ដែលបានផលិតរថយន្តប្រណិតឈានមុខគេ ក្នុងសម័យនោះ។ ក្រុមហ៊ុនរថយន្តភែខាដ ហាក់ដូចជាយល់ថា ទីបន្ទាល់របស់អ្នកដែលមានបទពិសោធន៍ដោយផ្ទាល់ មានឥទ្ធិពលមកលើអ្នកស្តាប់ទីបន្ទាល់របស់គាត់។ បានសេចក្តីថា ពេលដែលមិត្តភក្តិរបស់អ្នកពេញចិត្តនឹងផលិតផលណាមួយ ពាក្យសរសើរដែលគាត់មានសម្រាប់ផលិតផលនោះ គឺជាពាក្យដែលអាចមានឥទ្ធិពលមកលើយើង។
ការចែកចាយប្រាប់អ្នកដទៃ អំពីបទពិសោធន៍ផ្ទាល់ខ្លួន ដែលយើងមានជាមួយនឹងសេចក្តីល្អរបស់ព្រះជាម្ចាស់ ក៏មានឥទ្ធិពលមកលើអ្នកស្តាប់របស់យើងផងដែរ។ ព្រះជាម្ចាស់បានត្រាស់ហៅយើង ឲ្យប្រកាសអំពីការដឹងគុណ និងក្តីអំណររបស់យើង ឲ្យអ្នកដទៃបានដឹងផងដែរ(ទំនុកដំកើង ៦៦:១)។ ជាក់ស្តែង អ្នកនិពន្ធបទគម្ពីរទំនុកដំកើង មានចិត្តឆេះឆួល នៅក្នុងការចែករំលែក ក្នុងបទចម្រៀងរបស់គាត់ ដែលនិយាយអំពីការអត់ទោសបាប ដែលព្រះជាម្ចាស់បានប្រទានមកគាត់ ពេលដែលគាត់បានងាកបែរចេញពីអំពើបាប(ខ.១៨-២០)។
ព្រះជាម្ចាស់បានធ្វើការដ៏អស្ចារ្យជាច្រើន នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានដូចជា ការញែកសមុទ្រក្រហម ឲ្យពួកអ៊ីស្រាអែលដើរកាត់ជាដើម(ខ.៦)។ ទ្រង់ក៏បានធ្វើការអស្ចារ្យ ក្នុងជីវិតយើងផ្ទាល់ៗខ្លួនផងដែរ ដោយទ្រង់បានប្រទានយើង នូវក្តីសង្ឃឹម ក្នុងពេលដែលមានការឈឺចាប់ និងប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងឲ្យយល់ព្រះបន្ទូលទ្រង់ ហើយបំពេញតម្រូវការរបស់យើង ជារៀងរាល់ថ្ងៃជាដើម។ ពេលដែលយើងចែកចាយ ឲ្យអ្នកដទៃបានដឹង អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើក្នុងជីវិតយើង គឺមានន័យថា យើងកំពុងតែប្រាប់គេ អំពីអ្វីដែលមានតម្លៃលើសវត្ថុដែលយើងបានទិញ និយាយរួម យើងកំពុងតែទទួលស្គាល់សេចក្តីល្អរបស់ព្រះជាម្ចាស់ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងផ្លូវនៃជីវិត។—KIRSTEN HOLMBERG