កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩០០ ក្រុម​ហ៊ុន​រថយន្ត​ភែខាដ ម៉ូតូ បាន​បង្កើត​ពាក្យ​ស្លោក​មួយ ដើម្បី​ទាក់​ទាញ​អតិថិជន​។  ពាក្យ​ស្លោក​នោះ​បាន​ប្រាប់​អតិថិជន ឲ្យ​សួរ​អ្នក​ដែល​បាន​ទិញ​រថយន្ត​របស់​ក្រុម​ហ៊ុន​នេះ​។ ពាក្យ​ស្លោក​នេះ​បានក្លាយ​ជា​ពាក្យ​ដ៏​មាន​អំណាច ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​កសាង​កេរ្តិ៍​ឈ្មោះ ឲ្យ​ក្រុម​ហ៊ុន​រថយន្ត​មួយ​នេះ ដែលបាន​ផលិត​រថយន្ត​ប្រណិត​ឈាន​មុខ​គេ ក្នុង​សម័យ​នោះ។ ក្រុម​ហ៊ុន​រថយន្ត​ភែខាដ ហាក់​ដូច​ជា​យល់​ថា ទី​បន្ទាល់របស់​អ្នក​ដែល​មាន​បទពិសោធន៍​ដោយ​ផ្ទាល់ មាន​ឥទ្ធិពល​មក​លើ​អ្នក​ស្តាប់​ទីបន្ទាល់​របស់​គាត់។ បាន​សេចក្តី​ថា ពេល​ដែល​មិត្ត​ភក្តិ​របស់​អ្នក​ពេញ​ចិត្ត​នឹង​ផលិត​ផល​ណា​មួយ ពាក្យ​សរសើរ​ដែល​គាត់​មាន​សម្រាប់​ផលិត​ផល​នោះ គឺជា​ពាក្យ​ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​យើង។​

ការ​ចែក​ចាយ​ប្រាប់​អ្នក​ដទៃ អំពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​យើង​មាន​ជា​មួយ​នឹង​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ ក៏មាន​ឥទ្ធិ​ពល​មក​លើ​អ្នក​ស្តាប់​របស់​យើង​ផង​ដែរ។ ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ប្រកាស​អំពី​ការ​ដឹង​គុណ និងក្តី​អំណរ​របស់​យើង ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ផង​ដែរ​(ទំនុកដំកើង ៦៦:១)។ ជាក់​ស្តែង អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង មាន​ចិត្ត​ឆេះ​ឆួល នៅ​ក្នុង​ការ​ចែក​រំលែក ក្នុង​បទ​ចម្រៀង​របស់​គាត់ ដែល​និយាយ​អំពី​ការ​អត់​ទោស​បាប ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​គាត់ ពេល​ដែល​គាត់​បាន​ងាក​បែរ​ចេញ​ពី​អំពើ​បាប​(ខ.១៨-២០)។

ព្រះ​ជាម្ចាស់​បាន​ធ្វើ​ការ​ដ៏អស្ចារ្យ​ជា​ច្រើន នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ ដែល​មាន​ដូច​ជា ការ​ញែក​សមុទ្រ​ក្រហម ឲ្យ​ពួក​អ៊ីស្រាអែល​ដើរ​កាត់​ជា​ដើម(ខ.៦)។ ទ្រង់​ក៏​បាន​ធ្វើ​ការ​អស្ចារ្យ ក្នុង​ជីវិត​យើង​ផ្ទាល់​ៗ​ខ្លួន​ផង​ដែរ ដោយ​ទ្រង់បានប្រទានយើង នូវ​ក្តី​សង្ឃឹម ក្នុង​ពេល​ដែល​មាន​ការ​ឈឺ​ចាប់ និង​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​យើង​ឲ្យ​យល់​ព្រះ​បន្ទូល​ទ្រង់ ហើយ​បំពេញ​តម្រូវ​ការ​របស់​យើង ជា​រៀង​រាល់​ថ្ងៃ​ជា​ដើម។ ពេល​ដែល​យើង​ចែក​ចាយ ឲ្យ​អ្នក​ដទៃ​បាន​ដឹង អំពីការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ក្នុង​ជីវិត​យើង គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ប្រាប់​គេ អំពី​អ្វី​ដែល​មាន​តម្លៃ​លើស​វត្ថុដែល​យើង​បាន​ទិញ និយាយ​រួម យើង​កំពុង​តែ​ទទួល​ស្គាល់​សេចក្តី​ល្អ​របស់​ព្រះ​ជា​ម្ចាស់ ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ផ្លូវ​នៃ​ជីវិត។—KIRSTEN HOLMBERG