មានក្មេងប្រុសម្នាក់បានត្រឡប់មកផ្ទះវិញ ហើយក៏បាននិយាយដោយចិត្តរីករាយយ៉ាងខ្លាំងថា មេរៀនដែលគាត់រៀនបាននៅព្រះវិហារ និយាយអំពីក្មេងប្រុសម្នាក់ ដែលមាននំប៉័ង និងត្រី សម្រាប់ឲ្យគេបរិភោគពេញមួយថ្ងៃ។ ជាការពិតណាស់ គាត់កំពុងតែគិតអំពីក្មេងតូចម្នាក់ ដែលបានថ្វាយនំប៉័ង និងត្រីរបស់ខ្លួន ដល់ព្រះយេស៊ូវ។
ព្រះយេស៊ូវបានបង្រៀនហ្វូងមនុស្សពេញមួយថ្ងៃ ហើយពួកសាវ័កក៏បានទូលសូមទ្រង់ ឲ្យប្រាប់អ្នកទាំងនោះឲ្យទៅ ទិញនំប៉័ងបរិភោគ នៅក្នុងភូមិ។ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា “មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ”(ម៉ាថាយ ១៤:១៦)។ ពួកសាវ័កក៏មានការភ័ន្តភំាង ដោយមិនដឹងថា ត្រូវចែកអាហារដល់មនុស្សទំាង៥ពាន់នាក់នោះ យ៉ាងដូចម្តេច។
អ្នកប្រហែលជាដឹងអំពីសាច់រឿងបន្ទាប់ទៀត។ ក្មេងប្រុសនោះក៏បានលះបង់អាហារថ្ងៃត្រង់របស់ខ្លួន ដែលមាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ ហើយព្រះយេស៊ូវក៏បានយកអាហារបន្តិចបន្ទួចនេះ ទៅចម្អែតមនុស្សមួយហ្វូងធំនោះ(ខ.១៣-២១)។ អ្នកវិភាគខ្លះបានយល់ថា ភាពសប្បុររបស់ក្មេងប្រុសម្នាក់នោះ បានបណ្តាលចិត្តអ្នកផ្សេងទៀត នៅក្នុងហ្វូងមនុស្ស ឲ្យចែករំលែកអាហាររបស់ខ្លួនដល់អ្នកដទៃ ប៉ុន្តែ ព្រះគម្ពីរម៉ាថាយ បានចែង ឲ្យយើងដឹងច្បាស់ថា វាជាការអស្ចារ្យ ហើយរឿងនេះ សុទ្ធតែបានចែងនៅក្នុងកណ្ឌដំណឹងល្អទាំងបួន។
តើរឿងនេះបានបង្រៀនអ្វីខ្លះដល់យើង? ជារៀងរាល់ថ្ងៃ យើងមានក្រុមគ្រួសារ អ្នកជិតខាង មិត្តភក្តិ មិត្តរួមការងារ និងអ្នកដទៃទៀត ដែលនៅក្បែរយើង ដែលមានតម្រូវការក្នុងកំរិតខុសៗគ្នា។ តើយើងគួរតែឲ្យពួកគេទៅរកជំនួយ ពីអ្នកផ្សេង ដែលមានលទ្ធភាពជាងយើងឬ? ជាការពិតណាស់ អ្នកខ្លះមានតម្រូវការ ដែលលើសពីសមត្ថភាពរបស់យើង ប៉ុន្តែ ពេលខ្លះ យើងអាចជួយពួកគេបាន។ អ្វីក៏ដោយដែលយើងមាន យើងអាចថ្វាយដល់ព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គប្រើ ដើម្បីជួយបំពេញតម្រូវការពួកគេ ដែលមានដូចជា ការឱប ពាក្យសម្តីដ៏សប្បុរស ត្រចៀកដែលប្រុងប្រៀនស្តាប់ ការអធិស្ឋានឲ្យខ្លីៗ ឬប្រាជ្ញាដែលអ្នករកបានពីព្រះបន្ទូលជាដើម។ —DAVID H. ROPER