មាន​ក្មេង​ប្រុស​ម្នាក់​បាន​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​និយាយ​ដោយ​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ថា មេរៀន​ដែល​គាត់​រៀនបាន​នៅ​ព្រះ​វិហារ និយាយ​អំពី​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​នំប៉័ង និង​ត្រី សម្រាប់​ឲ្យ​គេ​បរិភោគ​ពេញ​មួយ​ថ្ងៃ។ ជា​ការ​ពិត​ណាស់ គាត់​កំពុង​តែ​គិត​អំពី​ក្មេង​តូច​ម្នាក់ ដែល​បាន​ថ្វាយ​នំប៉័ង និង​ត្រី​របស់​ខ្លួន ដល់​ព្រះ​យេស៊ូវ។

ព្រះយេស៊ូវ​បាន​បង្រៀន​ហ្វូង​មនុស្ស​ពេញ​មួយ​ថ្ងៃ ហើយ​ពួក​សាវ័ក​ក៏​បាន​ទូល​សូម​ទ្រង់ ឲ្យ​ប្រាប់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ ទិញ​នំប៉័ង​បរិភោគ នៅ​ក្នុង​ភូមិ។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ”(ម៉ាថាយ ១៤:១៦)។ ពួក​សាវ័ក​ក៏​មាន​ការ​ភ័ន្ត​ភំាង ដោយ​មិន​ដឹង​ថា ត្រូវ​ចែក​អាហារ​ដល់​មនុស្ស​ទំាង​៥​ពាន់​នាក់​នោះ យ៉ាង​ដូច​ម្តេច។

អ្នក​ប្រហែល​ជា​ដឹង​អំពី​សាច់​រឿង​បន្ទាប់​ទៀត។ ក្មេង​ប្រុស​នោះ​ក៏​បាន​លះ​បង់​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្លួន ដែល​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ ហើយ​ព្រះយេស៊ូវ​ក៏​បាន​យក​អាហារ​បន្តិច​បន្ទួច​នេះ ទៅ​ចម្អែត​មនុស្ស​មួយ​ហ្វូង​ធំ​នោះ(ខ.១៣-២១)។ អ្នក​វិភាគ​ខ្លះ​បាន​យល់​ថា ភាព​សប្បុរ​របស់​ក្មេង​ប្រុស​ម្នាក់​នោះ បាន​បណ្តាល​ចិត្ត​អ្នក​ផ្សេង​ទៀត នៅ​ក្នុង​ហ្វូង​មនុស្ស ឲ្យ​ចែក​រំលែក​អាហារ​របស់​ខ្លួន​ដល់​អ្នក​ដទៃ ប៉ុន្តែ ព្រះ​គម្ពីរ​ម៉ាថាយ បាន​ចែង ឲ្យ​យើង​ដឹង​ច្បាស់ថា វា​ជា​ការ​អស្ចារ្យ ហើយ​រឿង​នេះ សុទ្ធ​តែ​បាន​ចែង​នៅ​ក្នុង​កណ្ឌ​ដំណឹង​ល្អ​ទាំង​បួន។

តើ​រឿង​នេះ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​យើង? ជា​រៀង​រាល់​ថ្ងៃ យើង​មាន​ក្រុម​គ្រួសារ អ្នក​ជិត​ខាង មិត្ត​ភក្តិ មិត្ត​រួម​ការងារ និង​អ្នក​ដទៃ​ទៀត ដែល​នៅ​ក្បែរ​យើង ដែល​មាន​តម្រូវ​ការ​ក្នុង​កំរិត​ខុស​ៗ​គ្នា។ តើ​យើង​គួរ​តែ​ឲ្យ​ពួក​គេ​ទៅ​រក​ជំនួយ ពីអ្នក​ផ្សេង ដែល​មាន​លទ្ធ​ភាព​ជាង​យើង​ឬ​? ជា​ការ​ពិត​ណាស់ អ្នក​ខ្លះ​មាន​តម្រូវ​ការ ដែល​លើស​ពី​សមត្ថ​ភាព​របស់​យើង ប៉ុន្តែ ពេល​ខ្លះ យើង​អាច​ជួយ​ពួក​គេ​បាន។ អ្វី​ក៏​ដោយ​ដែល​យើង​មាន យើង​អាច​ថ្វាយ​ដល់​ព្រះ​យេស៊ូវ ដើម្បី​ឲ្យព្រះ​អង្គ​ប្រើ ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​ពួក​គេ ដែល​មាន​ដូច​ជា ការ​ឱប ពាក្យ​សម្តី​ដ៏​សប្បុរស ត្រចៀក​ដែល​ប្រុងប្រៀន​ស្តាប់ ការ​អធិស្ឋាន​ឲ្យ​ខ្លី​ៗ ឬ​ប្រាជ្ញា​ដែល​អ្នក​រក​បាន​ពី​ព្រះ​បន្ទូល​ជា​ដើម។  —DAVID H. ROPER