ទំនាក់ទំនងប្តីប្រពន្ធរបស់លោករ៉ុន និងអ្នកស្រីនែនស៊ី មានការអន់ថយយ៉ាងឆាប់រហ័ស។ អ្នកស្រីនែនស៊ីមានស្នេហាលួចលាក់ជាមួយនឹងប្រុសផ្សេង ប៉ុន្តែ ក្រោយមក គាត់ក៏បានសារភាពអំពើបាបរបស់គាត់ នៅចំពោះព្រះជាម្ចាស់។ គាត់ដឹងថា ព្រះអង្គសព្វព្រះទ័យឲ្យគាត់ធ្វើដូចម្តេច តែគាត់ពិបាកធ្វើវា។ គាត់ក៏បានប្រាប់ការពិត ដល់លោករ៉ុន។ លោករ៉ុនមិនបានសុំលែងគ្នាឡើយ ផ្ទុយទៅវិញ គាត់បានសម្រេចចិត្តផ្តល់ឱកាសដល់អ្នកស្រីនេនស៊ី ឲ្យកែខ្លួន ដើម្បីឲ្យគាត់មានទំនុកចិត្តលើនាងឡើងវិញ។ ព្រះជាម្ចាស់ក៏បានស្អាងទំនាក់ទំនងប្តីប្រពន្ធរបស់ពួកគេឡើងវិញ ដោយការអស្ចារ្យ។
អ្វីដែលលោករ៉ុនបានធ្វើ គឺបានឆ្លុះបញ្ចាំងអំពីសេចក្តីស្រឡាញ់ និងការអត់ឱនទោស ដែលព្រះអង្គមានសម្រាប់មនុស្សមានបាប ដូចយើងរាល់គ្នា។ ហោរាហូសេបានយល់ច្បាស់អំពីបញ្ហានេះ។ ព្រះជាម្ចាស់បានបង្គាប់គាត់ ឲ្យរៀបការជាមួយស្តី្រម្នាក់ ដែលមិនស្មោះត្រង់ចំពោះគាត់ ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រាអែលដឹងអំពីភាពមិនស្មោះត្រង់ ដែលពួកគេមានចំពោះព្រះអង្គ(ហូសេ ១)។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ពេលដែលនាងផិតក្បត់ ប៉ុន្តែ ព្រះជាម្ចាស់បានឲ្យគាត់ទៅហៅនាង ឲ្យវិលត្រឡប់មកវិញ។ ទ្រង់បានប្រាប់គាត់ ឲ្យបង្ហាញសេចក្តីស្រឡាញ់ចំពោះនាងឡើងវិញ ទោះនាងមានប្រុសផ្សេងស្រឡាញ់ ហើយជាស្រីកំផឹតក៏ដោយ(៣:១)។ យ៉ាងណាមិញ បន្ទាប់ពីពួកអ៊ីស្រាអែលមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គនៅតែសព្វព្រះទ័យមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេឡើងវិញ។ ព្រះអង្គនៅតែស្រឡាញ់រាស្រ្តទ្រង់ គឺដូចដែលលោកហូសេបានស្រឡាញ់ភរិយាដែលមិនស្មោះត្រង់ តាមរកនាង ហើយលះបង់ដើម្បីនាង។ សេចក្តីខ្ញាល់របស់ព្រះអង្គ គឺសុចរិតទេ ហើយការប្រច័ណ្ឌរបស់ព្រះអង្គ ក៏ដោយសារតែសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ។
ព្រះអង្គក៏សព្វព្រះទ័យនឹងឲ្យយើងចូលមកជិតព្រះអង្គផងដែរ។ កាលណាយើងចូលមករកព្រះអង្គ ដោយជំនឿ យើងអាចទុកចិត្តថា យើងមានការស្កប់ស្កល់ដ៏ពិត ក្នុងព្រះអង្គ។—ESTERA PIROSCA ESCOBAR