ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​លោក​រ៉ុន និង​អ្នក​ស្រី​នែនស៊ី មាន​ការ​អន់​ថយ​យ៉ាង​ឆាប់​រហ័ស។ អ្នក​ស្រីនែនស៊ី​មានស្នេហា​លួច​លាក់​ជា​មួយ​នឹង​ប្រុស​ផ្សេង ប៉ុន្តែ ក្រោយ​មក គាត់​ក៏​បាន​សារភាព​អំពើ​បាប​របស់​គាត់ នៅ​ចំពោះ​ព្រះ​ជាម្ចាស់។ គាត់​ដឹង​ថា ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ធ្វើ​ដូច​ម្តេច តែ​គាត់​ពិបាក​ធ្វើ​វា។ គាត់​ក៏​បាន​ប្រាប់​ការ​ពិត ដល់​លោក​រ៉ុន។ លោក​រ៉ុន​មិន​បាន​សុំលែង​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​សម្រេច​ចិត្ត​ផ្តល់​ឱកាស​ដល់​អ្នក​ស្រី​នេនស៊ី ឲ្យកែ​ខ្លួន ដើម្បី​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត​លើ​នាង​ឡើង​វិញ។ ព្រះជា​ម្ចាស់​ក៏​បាន​ស្អាង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​របស់​ពួក​គេឡើង​វិញ ដោយ​ការ​អស្ចារ្យ។

អ្វី​ដែល​លោក​រ៉ុន​បាន​ធ្វើ គឺ​បាន​ឆ្លុះ​បញ្ចាំ​ងអំពី​សេចក្តី​ស្រឡាញ់ និង​ការ​អត់​ឱន​ទោស ដែល​ព្រះ​អង្គ​មាន​សម្រាប់​មនុស្សមាន​បាប ដូច​យើង​រាល់​គ្នា។ ហោរា​ហូសេ​បាន​យល់​ច្បាស់​អំពី​បញ្ហា​នេះ។ ព្រះ​ជា​ម្ចាស់​បាន​បង្គាប់​គាត់ ឲ្យ​រៀប​ការ​ជា​មួយ​ស្តី្រ​ម្នាក់ ដែល​មិន​ស្មោះ​ត្រង់​ចំពោះ​គាត់ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ដឹង​អំពី​ភាព​មិន​ស្មោះ​ត្រង់ ដែល​ពួក​គេមាន​ចំពោះ​ព្រះ​អង្គ​(ហូសេ ១)។  គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​នាង​ផិត​ក្បត់ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ឲ្យគាត់​ទៅ​ហៅ​នាង ឲ្យ​វិល​ត្រឡប់​មក​វិញ។ ទ្រង់​បាន​ប្រាប់​គាត់ ឲ្យ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​ឡើង​វិញ ទោះ​នាង​មាន​ប្រុស​ផ្សេង​ស្រឡាញ់ ហើយ​ជា​ស្រី​កំផឹត​ក៏ដោយ​(៣:១)។ យ៉ាង​ណា​មិញ បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​មិន​ស្តាប់បង្គាប់​ព្រះអង្គ ព្រះ​អង្គ​នៅ​តែ​សព្វ​ព្រះទ័យ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​ពួក​គេ​ឡើង​វិញ។ ព្រះ​អង្គ​នៅ​តែស្រឡាញ់​រាស្រ្ត​ទ្រង់ គឺ​ដូច​ដែល​លោក​ហូសេ​បាន​ស្រឡាញ់​ភរិយា​ដែល​មិន​ស្មោះ​ត្រង់ តាម​រក​នាង ហើយ​លះ​បង់ដើម្បី​នាង។ សេចក្តី​ខ្ញាល់​របស់​ព្រះ​អង្គ គឺ​សុចរិត​ទេ ហើយ​ការ​ប្រច័ណ្ឌ​របស់​ព្រះ​អង្គ ក៏​ដោយសារ​តែ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ។

ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ចូល​មក​ជិត​ព្រះ​អង្គ​ផង​ដែរ។ កាល​ណា​យើង​ចូល​មក​រក​ព្រះ​អង្គ ដោយ​ជំនឿ យើង​អាច​ទុក​ចិត្ត​ថា យើង​មាន​ការ​ស្កប់​ស្កល់​ដ៏​ពិត ក្នុង​ព្រះ​អង្គ។—ESTERA PIROSCA ESCOBAR