កាលនាងនៅក្មេង នាងបានប្រើពាក្យសម្តីដែលអាក្រក់យ៉ាងខ្លាំងមកលើឪពុកម្តាយរបស់នាង។ នាងមិនបានដឹងសោះថា ពាក្យសម្តីនោះ គឺជាឱកាសចុងក្រោយ ដែលនាងបានទំនាក់ទំនងជាមួយពួកគេ។ សព្វថ្ងៃនេះ ទោះជានាងបានទៅទទួលការប្រឹក្សាផ្លូវចិត្តអស់ជាច្រើនឆ្នាំហើយក្តី នាងនៅតែមិនអាចអត់ឱនឲ្យខ្លួនឯង។ ការថ្កោលទោសខ្លួនឯង និងវប្បដិសារីបានធ្វើឲ្យនាងមានការពិបាកយ៉ាងខ្លាំង នៅក្នុងការរស់នៅ។
យើងរាល់គ្នាសុទ្ធតែរស់នៅ ដោយមានការស្តាយក្រោយ ដែលក្នុងនោះ ការស្តាយក្រោយខ្លះមានភាពធ្ងន់ធ្ងរ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញផ្លូវយើង ឲ្យជម្នះការថ្កោលទោសខ្លួនឯង។ សូមយើងមើលឧទាហរណ៍មួយ ដូចតទៅ។
កំហុសដែលស្តេចដាវីឌបានធ្វើ ក៏មិនមែនជារឿងដែលពិរោះស្តាប់ដែរ។ កាលនោះ គឺដល់រដូវដែលល្មមឲ្យស្តេចទាំងប៉ុន្មានចេញទៅច្បាំងបាន ប៉ុន្តែ ស្តេចដាវីឌគង់នៅក្នុងក្រុងយេរូសាឡិម (២សំាយ៉ូអែល ១១:១)។ ពេលដែលគេកំពុងតែច្បាំងគ្នា ទ្រង់បានលួចប្រពន្ធរបស់គេ ហើយក៏បានព្យាយាមបិទបាំងរឿងអាស្រូវនេះ ដោយកំចាត់ប្តីរបស់នាងចោល(ខ.២-៥,១៤-១៥)។ ព្រះជាម្ចាស់ក៏បានបញ្ឈប់ការធ្លាក់ដាំក្បាលចុះរបស់ស្តេចដាវីឌ(១២:១-១៣) ប៉ុន្តែ ស្តេចអង្គនេះក៏បានរស់នៅពេញមួយជីវិត ដោយមិនអាចបំភ្លេចអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តឡើយ។
ពេលដែលស្តេចដាវីឌបានងើបឡើងពីការធ្លាក់ចុះនេះវិញ លោកយ៉ូអាប់ដែលជាមេទ័ពរបស់ទ្រង់ បានទទួលជ័យជម្នះនៅក្នុងសង្រ្គាម ដែលក្នុងនោះ ស្តេចដាវីឌគួរតែបានដឹកនាំទ័ព(១២:២៦)។ យ៉ូអាប់ក៏ទូលស្តេចដាវីឌថា “សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំវិញ”(ខ.២៨)។ នោះដាវីឌក៏ប្រមូលពួកពលទ័ពទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន(ខ.២៩)។
កាលណាយើងអនុញ្ញាតឲ្យអតីតកាល បន្តវាយផ្តួលយើង គឺមានន័យថា យើងកំពុងតែទូលព្រះជាម្ចាស់ថា ព្រះគុណព្រះអង្គមិនគ្រប់គ្រាន់ទេ។ ទោះយើងបានធ្វើអ្វីក៏ដោយ ព្រះវរបិតានៃយើងនៅតែអាចអត់ឱនទោសឲ្យយើងទាំងស្រុង។ យើងអាចរកឃើញព្រះគុណព្រះអង្គ ដើម្បីវិលត្រឡប់ចូលមកប្រយុទ្ធ ក្នុងសង្រ្គាមខាងវិញ្ញាណវិញ ដូចស្តេចដាវីឌដែរ។—TIM GUSTAFSON