កាល​នាង​នៅ​ក្មេង នាង​បាន​ប្រើ​ពាក្យ​សម្តី​ដែល​អាក្រក់​យ៉ាង​ខ្លាំង​មក​លើ​ឪពុក​ម្តាយ​របស់​នាង។ នាង​មិន​បាន​ដឹង​សោះ​ថា ពាក្យ​សម្តី​នោះ គឺ​ជា​ឱកាស​ចុង​ក្រោយ ដែល​នាង​បាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ទោះ​ជា​នាង​បាន​ទៅ​ទទួល​ការ​ប្រឹក្សា​ផ្លូវ​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី នាង​នៅ​តែ​មិន​អាច​អត់​ឱន​ឲ្យ​ខ្លួន​ឯង។ ការ​ថ្កោល​ទោស​ខ្លួនឯង និង​វប្បដិសារី​បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ។

យើង​រាល់​គ្នា​សុទ្ធ​តែ​រស់​នៅ ដោយ​មាន​ការ​ស្តាយ​ក្រោយ ដែល​ក្នុង​នោះ ការ​ស្តាយ​ក្រោយ​ខ្លះ​មាន​ភាព​ធ្ងន់​ធ្ងរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្ហាញ​ផ្លូវ​យើង ឲ្យ​ជម្នះ​ការ​ថ្កោល​ទោស​ខ្លួន​ឯង។ សូម​យើង​មើល​ឧទាហរណ៍​មួយ ដូច​តទៅ។

កំហុស​ដែល​ស្តេច​ដាវីឌ​បាន​ធ្វើ ក៏​មិន​មែន​ជា​រឿង​ដែល​ពិរោះ​ស្តាប់​ដែរ។ កាល​នោះ គឺ​ដល់​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន ប៉ុន្តែ ស្តេច​ដាវីឌ​គង់​នៅ​ក្នុង​ក្រុង​យេរូសាឡិម (២សំាយ៉ូអែល ១១:១)។ ពេល​ដែល​គេកំពុង​តែ​ច្បាំង​គ្នា ទ្រង់​បាន​លួច​ប្រពន្ធ​របស់​គេ ហើយ​ក៏​បាន​ព្យាយាម​បិទ​បាំង​រឿង​អាស្រូវ​នេះ ដោយ​កំចាត់​ប្តី​របស់​នាង​ចោល(ខ.២-៥,១៤-១៥)។ ព្រះ​ជា​ម្ចាស់ក៏​បាន​បញ្ឈប់​ការ​ធ្លាក់​ដាំក្បាល​ចុះ​របស់​ស្តេច​ដាវីឌ(១២:១-១៣) ប៉ុន្តែ ស្តេច​អង្គ​នេះក៏​បាន​រស់​នៅ​ពេញ​មួយ​ជីវិត ដោយ​មិន​អាច​បំភ្លេច​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្តឡើយ។

ពេល​ដែល​ស្តេច​ដាវីឌ​បាន​ងើប​ឡើង​ពី​ការ​ធ្លាក់​ចុះ​នេះ​វិញ លោក​យ៉ូអាប់​ដែល​ជា​មេទ័ព​របស់​ទ្រង់ បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​សង្រ្គាម ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​គួរ​តែ​បាន​ដឹក​នាំ​ទ័ព​(១២:២៦)។ យ៉ូអាប់​ក៏ទូល​ស្តេច​ដាវីឌ​ថា “សូម​ទ្រង់​ប្រមូល​ពួក​ពលទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូលបង្គំ​វិញ”(ខ.២៨)។ នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន(ខ.២៩)។

កាល​ណា​យើង​អនុញ្ញាត​ឲ្យ​អតីត​កាល បន្ត​វាយ​ផ្តួល​យើង គឺ​មាន​ន័យ​ថា យើង​កំពុង​តែ​ទូល​ព្រះ​ជា​ម្ចាស់​ថា ព្រះ​គុណ​ព្រះអង្គ​មិន​គ្រប់​គ្រាន់​ទេ។ ទោះ​យើង​បាន​ធ្វើ​អ្វី​ក៏​ដោយ ព្រះវរបិតា​នៃ​យើង​នៅ​តែ​អាច​អត់​ឱន​ទោស​ឲ្យ​យើងទាំង​ស្រុង។ យើង​អាច​រក​ឃើញ​ព្រះ​គុណ​ព្រះ​អង្គ ដើម្បី​វិល​ត្រឡប់​ចូល​មក​ប្រយុទ្ធ ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ​វិញ ដូច​ស្តេច​ដាវីឌ​ដែរ។—TIM GUSTAFSON