មុន​ពេល​លោក​ប៊ីលី ក្រាហំា(Billy Graham)បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ក្នុង​អាយុ​១៦​ឆ្នាំ ឪពុក​ម្តាយ​របស់​គាត់ មាន​ការ​ប្តូរ​ផ្តាច់​ក្នុង​ជំនឿ​លើ​ព្រះ​យេស៊ូវ យ៉ាង​ច្បាស់​លាស់ តាំង​ពី​យូរ​មក​ហើយ។ អ្នក​ទាំង​ពីរ​បាន​ទទួល​ជឿ​ព្រះ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​គ្រួសារ​របស់​ពួក​គេ ដែល​ជា​អ្នក​ជឿព្រះ។ បន្ទាប់​ពី​ពួក​គេ​បាន​រៀប​ការ ពួក​គេ​បាន​បន្ត​កេរដំណែល​នៃ​គ្រួសារ​របស់​ខ្លួន ដោយ​ចិញ្ចឹម​បី​បាច់​កូន​ៗ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​រាប់​បញ្ចូល​ទាំង​ការ​អធិស្ឋាន ការ​អាន​ព្រះ​គម្ពីរ និង​ការ​ចូល​រួម​ក្នុង​ព្រះវិហារ ដោយ​ចិត្ត​ស្មោះ​ត្រង់ ជា​មួយ​កូន​ៗ។ គ្រឹះដ៏​រឹង​មាំ ដែល​ឪពុក​ម្តាយ​របស់​លោក​ក្រាហាំ​បាន​រៀប​ចំ សម្រាប​គាត់ គឺ​ជា​ផ្នែក​មួយ​នៃ​ដី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រើ ក្នុងការសាប​ព្រោះ​គ្រាប់​ពូជ​នៃ​ព្រះ​បន្ទូល ដោយ​នាំគាត់​ឲ្យ​ទទួល​ជឿ​ព្រះអង្គ ហើយ​ទី​បំផុត ក៏​បាន​ត្រាស់​​ហៅ​គាត់ ឲ្យ​ធ្វើ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ក្លា​ហាន។

លោក​ធីម៉ូថេ ដែល​ជា​សិស្ស​ដ៏​វ័យ​ក្មេង​របស់​សាវ័ក​ប៉ុល ក៏​បាន​ទទួល​ផល​ប្រយោជន៍​ពី​គ្រឹះ​ខាង​វិញ្ញាណ​ដ៏​រឹង​មាំ​ផង​ដែរ​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ”(២ធីម៉ូថេ ១:៥)។ កេរ​ដំណែល​នេះ​បាន​ជួយ​រៀប​ចំ​ខ្លួន​លោក​ធីម៉ូថេ និង​នាំ​គាត់ ឲ្យ​ទទួល​ជឿ​ព្រះយេស៊ូវ។

សាវ័ក​ប៉ុល​ក៏​បាន​ជំរុញ​លោក​ធីម៉ូថេ ឲ្យ​បន្ត​កេរដំណែល ឬ​ទំនៀម​ទម្លាប់​នៃ​សេចក្តី​ជំនឿ​នេះ​ទៀត​(ខ.៥) ដើម្បី “ដាស់ ឬ​បញ្ឆេះ​អំណោយ​ទាន​របស់​ព្រះ” ដែល​នៅ​ក្នុង​គាត់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ “ដែល​បាន​ប្រទាន​អំណាច​ដល់​យើង”(ខ.៦-៧)។ ដោយសារ​អំណាច​នៃព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ធីម៉ូថេ​អាច​រស់​នៅ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដើម្បី​ដំណឹង​ល្អ​(ខ.៨)។ កេរដំណែល​នៃ​សេចក្តី​ជំនឿ​ដ៏​រឹង​មាំតែ​ម្យ៉ាង​មិន​ប្រាកដ​ជា​អាច​នាំ​គេ​ឲ្យ​ទទួល​ជឿ​ព្រះ​នោះឡើយ ប៉ុន្តែ គំរូ​ដ៏ល្អ និង​ការ​បង្រៀន​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះអង្គ អាច​ជួយ​រៀប​ចំ​ផ្លូវ ឲ្យ​គេ​ទទួល​ជឿ​ទ្រង់។ ហើយបន្ទាប់​ពី​យើង​បាន​ទទួល​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ ព្រះ​វិញ្ញាណ​ទ្រង់​នឹង​ដឹក​នាំ​យើង ឲ្យ​បម្រើ​ទ្រង់ ដោយ​រស់នៅ​ថ្វាយ​ព្រះ​អង្គ ហើយ​ថែម​ទាំង​ជួយ​អ្នក​ដទៃ​ឲ្យ​មាន​ជំនឿ​រឹង​មាំ​ផង​ដែរ។—ALYSON KIEDA