មុនពេលលោកប៊ីលី ក្រាហំា(Billy Graham)បានទទួលជឿព្រះយេស៊ូវ ក្នុងអាយុ១៦ឆ្នាំ ឪពុកម្តាយរបស់គាត់ មានការប្តូរផ្តាច់ក្នុងជំនឿលើព្រះយេស៊ូវ យ៉ាងច្បាស់លាស់ តាំងពីយូរមកហើយ។ អ្នកទាំងពីរបានទទួលជឿព្រះ ក្នុងពេលដែលពួកគេកំពុងចម្រើនវ័យធំឡើង ក្នុងគ្រួសាររបស់ពួកគេ ដែលជាអ្នកជឿព្រះ។ បន្ទាប់ពីពួកគេបានរៀបការ ពួកគេបានបន្តកេរដំណែលនៃគ្រួសាររបស់ខ្លួន ដោយចិញ្ចឹមបីបាច់កូនៗដោយសេចក្តីស្រឡាញ់ ដែលរាប់បញ្ចូលទាំងការអធិស្ឋាន ការអានព្រះគម្ពីរ និងការចូលរួមក្នុងព្រះវិហារ ដោយចិត្តស្មោះត្រង់ ជាមួយកូនៗ។ គ្រឹះដ៏រឹងមាំ ដែលឪពុកម្តាយរបស់លោកក្រាហាំបានរៀបចំ សម្រាបគាត់ គឺជាផ្នែកមួយនៃដីដែលព្រះជាម្ចាស់បានប្រើ ក្នុងការសាបព្រោះគ្រាប់ពូជនៃព្រះបន្ទូល ដោយនាំគាត់ឲ្យទទួលជឿព្រះអង្គ ហើយទីបំផុត ក៏បានត្រាស់ហៅគាត់ ឲ្យធ្វើជាអ្នកផ្សាយដំណឹងល្អដ៏ក្លាហាន។
លោកធីម៉ូថេ ដែលជាសិស្សដ៏វ័យក្មេងរបស់សាវ័កប៉ុល ក៏បានទទួលផលប្រយោជន៍ពីគ្រឹះខាងវិញ្ញាណដ៏រឹងមាំផងដែរ។ គឺដូចដែលសាវ័កប៉ុលបានសរសេរក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំនឹងចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ”(២ធីម៉ូថេ ១:៥)។ កេរដំណែលនេះបានជួយរៀបចំខ្លួនលោកធីម៉ូថេ និងនាំគាត់ ឲ្យទទួលជឿព្រះយេស៊ូវ។
សាវ័កប៉ុលក៏បានជំរុញលោកធីម៉ូថេ ឲ្យបន្តកេរដំណែល ឬទំនៀមទម្លាប់នៃសេចក្តីជំនឿនេះទៀត(ខ.៥) ដើម្បី “ដាស់ ឬបញ្ឆេះអំណោយទានរបស់ព្រះ” ដែលនៅក្នុងគាត់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ “ដែលបានប្រទានអំណាចដល់យើង”(ខ.៦-៧)។ ដោយសារអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ លោកធីម៉ូថេអាចរស់នៅ ដោយគ្មានការភ័យខ្លាច ដើម្បីដំណឹងល្អ(ខ.៨)។ កេរដំណែលនៃសេចក្តីជំនឿដ៏រឹងមាំតែម្យ៉ាងមិនប្រាកដជាអាចនាំគេឲ្យទទួលជឿព្រះនោះឡើយ ប៉ុន្តែ គំរូដ៏ល្អ និងការបង្រៀនអ្នកដទៃឲ្យស្គាល់ព្រះអង្គ អាចជួយរៀបចំផ្លូវ ឲ្យគេទទួលជឿទ្រង់។ ហើយបន្ទាប់ពីយើងបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ ព្រះវិញ្ញាណទ្រង់នឹងដឹកនាំយើង ឲ្យបម្រើទ្រង់ ដោយរស់នៅថ្វាយព្រះអង្គ ហើយថែមទាំងជួយអ្នកដទៃឲ្យមានជំនឿរឹងមាំផងដែរ។—ALYSON KIEDA