មានពេលមួយ ខ្ញុំបានឃើញទឹកហូរ នៅក្នុងទីធ្លាក្រោយផ្ទះខ្ញុំជាលើកទីមួយ។ វាគ្រាន់តែជាខ្សែទឹកតូចមួយ ដែលហូរកាត់តាមដីដែលមានថ្មច្រើន ក្រោមកម្តៅថ្ងៃ នៅរដូវក្តៅ។ យើងក៏បានយកបន្ទះក្តាក្រាសៗ មកធ្វើជាស្ពាន ដើម្បីឲ្យឆ្លងពីលើទឹកអូនោះ។ ជាច្រើនខែក្រោយមក ភ្លៀងបានបង្អុរធ្លាក់ចុះមកជាច្រើនមេ ក្នុងតំបន់ដែលខ្ញុំរស់នៅ បីបួនថ្ងៃជាប់គ្នា។ អូដ៏តូចរបស់យើងក៏បានទឹកលេបត្របាក់ ក្លាយជាទៅទឹកអូដ៏ធំមួយ ដែលមានជម្រៅជិត១ម៉ែត្រកន្លះ និងទទឹងប្រហែល៣ម៉ែត្រ។ កម្លាំងទឹកបានរុញច្រានបន្ទះក្តាស្ពានរបស់ខ្ញុំអស់ពីរបីម៉ែត្រ។
កម្លាំងទឹកជំនន់ដែលហូរខ្លាំង មានអំណាចគួចនាំអ្វីៗស្ទើរតែទាំងអស់ ដែលនៅក្នុងផ្លូវរបស់វា។ មានតែសេចក្តីស្រឡាញ់ទេ ដែលអាចធន់នៅ ពេលដែលមានទឹកជំនន់ ឬអំណាចអ្វីផ្សេងទៀត ដែលចង់បំផ្លាញវា។ គ្នាអ្វីអាច ពន្លត់សេចក្តីស្រឡាញ់បានឡើយ ទឹកជំនន់នឹងពន្លិចក៏មិនបានដែរ(បទចម្រៀងសាឡូម៉ូន ៨:៧)។ គេច្រើនតែបង្ហាញកម្លាំង និងកំរិតនៃសេចក្តីស្រឡាញ់ នៅក្នុងទំនាក់ទំនងស្នេហា ប៉ុន្តែ មានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលបានបង្ហាញចេញមកយ៉ាងពេញលេញ ដល់មនុស្សជាតិ តាមរយៈព្រះរាជបុត្រាទ្រង់ ព្រះនាម ព្រះយេស៊ូវគ្រីស្ទ។
ពេលដែលរបស់ដែលយើងគិតថា រឹងមាំ និងអាចពឹងផ្អែក ត្រូវទឹក ឬខ្យល់គួរនាំទៅបាត់ យើងអាចមានការខកចិត្ត ប៉ុន្តែ យើងត្រូវប្រើឱកាសពេលនោះ ដើម្បីស្វែងយល់ជាថ្មី អំពីសេចក្តីស្រឡាញ់ដែលព្រះទ្រង់មានចំពោះយើង។ ក្តីស្រឡាញ់របស់ទ្រង់ ក៏ខ្ពស់ជាង ជ្រៅជាង ខ្លាំងជាង និងស្ថិតស្ថេរជាង អ្វីៗទាំងអស់នៅលើផែនដីនេះ។ ទោះយើងជួបប្រទះបញ្ហាអ្វីក៏ដោយ ចូរយើងប្រឈមមុខដាក់វា ដោយមានទ្រង់នៅក្បែរយើង ទ្រទ្រង់យើង ជួយយើង ហើយរំឭកយើងថា ព្រះអង្គស្រឡាញ់យើង។—JENNIFER BENSON SCHULDT