មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​ទឹក​ហូរ នៅ​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ​ជា​លើក​ទីមួយ។ វា​គ្រាន់​តែ​ជា​ខ្សែទឹក​តូច​មួយ ដែល​ហូរកាត់​តាម​ដី​ដែល​មាន​ថ្ម​ច្រើន ក្រោម​កម្តៅ​ថ្ងៃ នៅ​រដូវ​ក្តៅ។ យើង​ក៏​បាន​យក​បន្ទះ​ក្តា​ក្រាស​ៗ មក​ធ្វើ​ជា​ស្ពាន ដើម្បី​ឲ្យឆ្លង​ពី​លើ​ទឹក​អូ​នោះ។ ជា​ច្រើន​ខែ​ក្រោយ​មក ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ជា​ច្រើន​មេ ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ បី​បួនថ្ងៃ​ជាប់​គ្នា។​ អូដ៏តូច​របស់​យើង​ក៏​បាន​ទឹក​លេប​ត្របាក់ ក្លាយ​ជា​ទៅ​ទឹក​អូដ៏​ធំ​មួយ ដែល​មាន​ជម្រៅ​ជិត​១​ម៉ែត្រ​កន្លះ និង​ទទឹង​ប្រហែល​៣​ម៉ែត្រ។ កម្លាំង​ទឹក​បាន​រុញ​ច្រាន​បន្ទះ​ក្តា​ស្ពាន​របស់​ខ្ញុំ​អស់​ពីរ​បី​ម៉ែត្រ។

កម្លាំង​ទឹក​ជំនន់​ដែល​ហូរ​ខ្លាំង មាន​អំណាច​គួច​នាំ​អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់ ដែល​នៅ​ក្នុង​ផ្លូវ​របស់​វា។ មាន​តែ​សេចក្តីស្រឡាញ់​ទេ ដែល​អាច​ធន់​នៅ ពេល​ដែល​មាន​ទឹក​ជំនន់ ឬ​អំណាច​អ្វី​ផ្សេង​ទៀត ដែល​ចង់​បំផ្លាញ​វា។ គ្នាអ្វី​អាច​ ពន្លត់​សេចក្តីស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ(បទចម្រៀងសាឡូម៉ូន ៨:៧)។ គេ​ច្រើន​តែបង្ហាញ​កម្លាំង និង​កំរិត​នៃ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា ប៉ុន្តែ មាន​តែ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ ដែល​បាន​បង្ហាញ​ចេញ​មក​យ៉ាង​ពេញ​លេញ ដល់​មនុស្ស​ជាតិ តាម​រយៈ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម ​ព្រះយេស៊ូវ​គ្រីស្ទ។

ពេល​ដែល​របស់​ដែល​យើង​គិត​ថា រឹង​មាំ និង​អាច​ពឹង​ផ្អែក ត្រូវ​ទឹក ឬ​ខ្យល់​គួរ​នាំ​ទៅ​បាត់ យើង​អាច​មាន​ការ​ខក​ចិត្ត ប៉ុន្តែ យើង​ត្រូវ​ប្រើ​ឱកាស​ពេល​នោះ ដើម្បី​ស្វែង​យល់​ជា​ថ្មី អំពី​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង។ ក្តីស្រឡាញ់​របស់​ទ្រង់ ក៏​ខ្ពស់​ជាង ជ្រៅ​ជាង ខ្លាំង​ជាង និង​ស្ថិត​ស្ថេរ​ជាង អ្វី​ៗ​ទាំង​អស់​នៅ​លើ​ផែន​ដី​នេះ។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏​ដោយ ចូរ​យើង​ប្រឈម​មុខ​ដាក់​វា ដោយ​មាន​ទ្រង់​នៅ​ក្បែរ​យើង ទ្រទ្រង់​យើង ជួយ​យើង ហើយ​រំឭក​យើង​ថា ព្រះ​អង្គ​ស្រឡាញ់​យើង។—JENNIFER BENSON SCHULDT