កាលលោកបេនយ៉ាមីន វេស(Benjamin West) នៅក្មេង គាត់បានព្យាយាមគូរូបបងស្រីរបស់គាត់ ប៉ុន្តែ គាត់គ្រាន់តែអាចគូរូបគំនូរដ៏រញេរញ៉ៃមួយផ្ទំាងប៉ុណ្ណោះ។ ម្តាយរបស់គាត់ក៏បានឃើញរូបគំនូររបស់គាត់ ហើយក៏បានថើបក្បាលគាត់ រួចប្រាប់គាត់ថា រូបមនុស្សក្នុងគំនូររបស់គាត់ មានមុខដូចសលី(Sally)ដែលជាបងស្រីរបស់គាត់។ ក្រោយមក គាត់ក៏បាននិយាយថា ការថើបរបស់ម្តាយគាត់នៅថ្ងៃនោះ បានធ្វើឲ្យគាត់ក្លាយជាវិចិត្រករ ហើយក្រោយមក គាត់ក៏បានក្លាយជាវិចិត្រករដ៏ល្បីល្បាញរបស់ជនជាតិអាមេរិក។ ការលើកទឹកចិត្ត គឺមានអំណាចណាស់!
សាវ័កប៉ុលមិនសូវមានគេឲ្យតម្លៃ នៅក្នុងដើមដំបូងនៃការងារដែលគាត់ធ្វើបម្រើព្រះ គឺមិនខុសពីក្មេងប្រុសដែលកំពុងតែរៀនគូរគំនូរនោះឡើយ ប៉ុន្តែ លោកបាណាបាសក៏បានបញ្ជាក់ថា ព្រះជាម្ចាស់ពិតជាបានត្រាសហៅសាវ័កប៉ុលមែន។ ដោយសារការលើកទឹកចិត្តរបស់លោកបាណាបាស ទើបពួកជំនុំបានទទួលស្គាល់ថា គាត់ជាបងប្អូនរួមជំនឿ(កិច្ចការ ៩:២៧)។ លោកបាណាបាសក៏បានលើកទឹកចិត្តពួកជំនុំនៅក្រុងអាន់ទីយ៉ូកដែលនៅក្មេងខ្ចីនៅឡើយ ធ្វើឲ្យពួកជំនុំនៅក្រុងអាន់ទីយ៉ូក ស្ថិតក្នុងចំណោមពួកជំនុំដែលមានឥទ្ធិពលបំផុត ក្នុងព្រះគម្ពីរកិច្ចការ(១១:២២-២៣)។ ហើយក៏ដោយសារការលើកទឹកចិត្តរបស់លោកបាណាបាស និងសាវ័កប៉ុល ដែលបានធ្វើឲ្យពួកជំនុំនៅទីក្រុងយេរូសាឡិមទទួលស្គាល់ថា អ្នកជឿដែលជាសាសន៍ដទៃ ក៏ជាគ្រីស្ទបរិស័ទដែរ(១៥:១៩)។ ដូចនេះ រឿងជាច្រើនដែលបានកើតឡើងក្នុងពួកជំនុំដំបូង គឺជារឿងនៃការលើកទឹកចិត្ត។
ការរស់នៅរបស់យើងក៏ដូច្នេះដែរ។ យើងប្រហែលជាគិតថា ការលើកទឹកចិត្តគ្រាន់តែជាការនិយាយពាក្យល្អ ទៅកាន់នរណាម្នាក់។ ប៉ុន្តែ បើយើងគិតដូចនេះ គឺមានន័យថា យើងមិនបានទទួលស្គាល់អំណាចរបស់ការលើកទឹកចិត្តឡើយ។ ការលើកទឹកចិត្តស្ថិតនៅក្នុងចំណោមមធ្យោបាយ ដែលព្រះជាម្ចាស់បានប្រើ ដើម្បីកសាងជីវិតមនុស្សម្នាក់ៗ ក៏ដូចជាជីវិតរបស់ពួកជំនុំ។
ចូរយើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការលើកទឹកចិត្តដែលយើងបានទទួល ហើយចូរយើងបន្តលើកទឹកចិត្តដល់អ្នកដទៃទៀត។ —PETER CHIN